រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការ សកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការ សកម្ម ភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង ១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមប្រធានគណ:កម្មការទី៥ ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង ស្ថាប័ននីតិបញ្ញាត្តិ ជាមួយក្រសួងព័ត៌មាន ជាយុទ្ធសាស្រ្តទៅថ្ងៃអនាគត ដោយធ្វើយ៉ាងណាអោយយុទ្ធសាស្ត្រព័ត៌មាន មានប្រសិទ្ធិភាពសម្រាប់ជាតិ ។ ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាឱកាសនេះ ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងគុណភាពព័ត៌មាន ឆ្ពោះទៅកាន់ក្តីសុបិន្តរបស់ប្រទេសកម្ពុជា គឺជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវវឌ្ឍនភាព និងសមិទ្ធផលការងារដែលអង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន សម្រេចកន្លងមក ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលជាង ៥ខែកន្លងមកនេះ ដោយក្នុងនោះក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យច្បាស់លាស់ពិសេសបានដាក់ចុះនូវការដ្ឋានកំណែទម្រង់នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗអោយចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើការងារព័ត៌មាន ។ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និង ជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុង ការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអំពីសៀវភៅស សម្រាប់ការអភិវឌ្ឍរបស់ក្រសួងព័ត៌មានក្នុង ២៥ឆ្នាំទៀត ក្នុងនោះរួមមាន ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅឌីជីថលការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសារព័ត៌មានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការកសាងមូលដ្ឋានគតិយុត្តិ និងពង្រឹងការអនុវត្តច្បាប់។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញផងដែរអំពីផែនការការងាររយៈពេលខ្លី មធ្យម និងរយៈពេលវែង សំដៅធ្វើឲ្យស្ថាប័នក្រសួងព័ត៌មាន និងវិស័យព័ត៌មានកាន់តែរឹងមាំ។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះដែរ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមទាំងសមាជិក សមាជិកា គណៈកម្មការផ្សេងៗ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេល ៥ខែ សម្រប់រាជរដ្ឋាភិបាលអាណិត្តទី ៧ ហើយបានដាក់ចេញនូវទិសដៅដើម្បីពង្រឹងកិច្ចការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner