កាកបាទក្រហមកម្ពុជា ផ្តល់ចំណេះដឹង និងផ្សព្វផ្សាយលើកកម្ពស់ផ្នែកសុខភាព ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

(ភ្នំពេញ)៖ ស្ថានភាពសុខភាពបន្តពូជ ឆ្នាំ២០២២, ស្ថានភាពសុខភាពមាតាទារក និងកុមារនៅក្នុងប្រទេសកម្ពុជា, សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ចំណេះដឹងជាមូលដ្ឋានអំពីសុខភាពបន្តពូជ, មូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ គឺជាបទបង្ហាញរបស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ។

បទបង្ហាញនេះ ត្រូវបានលោកជំទាវ ម៉ែន នារីសោភ័គលើកឡើង ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិតចំនួន ៨៦នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានកោតសរសើរចំពោះសាកលវិទ្យាល័យដែលបានរៀបចំឱ្យមានក្លឹបយុវជនកាកបាទក្រហមកម្ពុជា សម្រាប់ផ្តល់ឱកាសដល់យុវជន ក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា ជាពិសេសក្នុងតួនាទីជា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅក្នុងសាកលវិទ្យាល័យ។ សកម្មភាពនៃការចុះអប់រំផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីឈានឆ្ពោះការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ខាងមុខនេះ និងជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ។

ជាមួយគ្នានោះ លោកជំទាវ ម៉ែន នារីសោភ័គ បានប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសៀវភៅថ្នាក់ដឹកនាំ និងវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនដល់លោកជំទាវសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ដោយឡែក ចំពោះនិស្សិតចំនួន ៨នាក់ ដែលបានឡើងឆ្លើយសំណួររបស់វាគ្មិននៅក្នុងកម្មវិធី ក៏ទទួលបានកាដូអនុស្សាវរីយ៍ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner