លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ
បាងកក៖ អាជ្ញាធរថៃបាននិយាយថា នគបាលទើបសម្រេចចោទប្រកាន់ អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ កាលពីជិត១០ឆ្នាំមុន។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ថា ករណីចោទប្រកាន់នេះ នឹងត្រូវបញ្ជូនទៅតុលាការ ឬ យ៉ាងណា នោះទេ។
លោក ថាក់ស៊ីន បដិសេធការចោទប្រកាន់របស់នគរបាល ដែលធ្វើឡើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ហើយបានផ្ញើសារទៅអគ្គមេធាវី ដើម្បីសុំឲ្យមានការដំណើរការលើរឿងនេះ ប្រកដដោយយុត្តិធម៌។
ថៃត្រូវបានគេដឹងថា ជាប្រទេសដែលមានច្បាប់ដាក់ទោសទណ្ឌតឹងរ៉ឹងមួយ ចំពោះអ្នកដែលប្រមាថស្តេច ក្នុងនោះ គេថារៀបចំឡើង ដើម្បីការពារព្រះមហាក្សត្រ មហា វេជ្ជរ៉ាឡុងកន (Maha Vajiralongkorn) និងគ្រួសាររាជវង្ស។ ករណីខ្លះ អាចនាំឲ្យមានការកាត់ទោស ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ក៏មាន បើតុលាការរកឃើញថា មានកំហុស ដែលនិយាយអ្វីប៉ះពាល់ ព្រះមហាក្សត្រនោះ។
លោក ថាក់ស៊ីន ដែលគេស្គាល់ថា ជាមហាសេដ្ឋី និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីរដងនោះ ធ្លាប់ត្រូវបានបណ្តេញចេញ ពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦។ កាលពីខែសីហា ឆ្នាំ២០២៣ លោកបានបានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីបាននិរទេសដោយខ្លួនឯង នៅក្រៅប្រទេស ជាច្រើនឆ្នាំ ដោយពេលនោះ លោកត្រូវបានតុលាការកាត់ទោស ពីបទពុករលួយ និងការរំលោភបំពានអំណាច កាលពីពេលធ្វើជានាយករដ្ឋមន្ត្រីថៃ។
បុរស អាយុ ៧៤ឆ្នាំរូបនេះ បច្ចុប្បន្ន ស្ថិតក្នុងមន្ទីរពេទ្យប៉ូលីស ហើយលោក កំពុងស្ថិក្នុងដំណាក់កាលវះកាត់ ២ដង ដោយសារតែបញ្ហាសុខភាព។
អ្នកនាំពាក្យការិយាល័យអគ្គមេធាវី អ្នកស្រី ប្រាយុទ្ធ ផេឆារ៉ាគុណ (Prayuth Pecharakun) បានប្រាប់អ្នកកាសែតថា ប៉ូលិសបានដាក់ការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ កាលពីចុងខែមុន ប្រឆាំងនឹងរូបលោក ថាក់ស៊ីន ជុំវិញការអត្ថាធិប្បាយ ដែលលោកបានធ្វើ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៥។
អ្នកស្រី ប្រាយុទ្ធ (Prayuth) បាននិយាយទៀតថា ព្រះរាជអាជ្ញានឹងរង់ចាំប៉ូលិសបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ មុនពេលសម្រេចចិត្តថា តើត្រូវបន្តសំណុំរឿងប្រឆាំងនឹងលោកថាក់ស៊ីន ឬយ៉ាងណា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត