Toyota បង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំដល់កម្រិតខ្ពស់បំផុត
តូក្យូ: ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន បានបង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរាយការណ៍អំពីការលក់ដ៏រឹងមាំនៅក្នុងតំបន់ទាំងអស់ ខណៈដែលការខ្វះខាតបន្ទះឈីប (semiconductor) ពិភពលោកបានធូរស្រាល។
ប្រាក់យ៉េនទន់ខ្សោយក៏កំពុងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Toyota ផងដែរ ហើយឥឡូវនេះរំពឹងថា ខ្លួននឹងឈានដល់ប្រាក់ចំណេញសុទ្ធចំនួន ៤.៥ទ្រីលានយ៉េន ឬប្រហែល ៣០ពាន់លានដុល្លារនៅឆ្នាំហិរញ្ញវត្ថុនេះ កើនឡើងលើសការព្យាករណ៍ពីមុន ដែលមានត្រឹមតែ ៣.៩៥ទ្រីលានយ៉េន។
ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុននេះនិយាយថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣របស់ខ្លួន បានកើនឡើង ៨៦ភាគរយកាលពីឆ្នាំមុន ដល់ជិត ១.៣៦ទ្រីលានយ៉េន ឬប្រមាណជាង ៩ពាន់លានដុល្លារ។
ចំណែកកាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota ក៏បានប្រកាសពីការលក់រថយន្តគ្រប់ម៉ាកមានចំនួន ១១.២លានគ្រឿងក្នុងឆ្នាំ២០២៣ផងដែរ តួលេខនេះបានរក្សាតំណែងកំពូលរបស់ Toyota ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក។
ទោះបីជាការលក់រថយន្តនៅអឺរ៉ុប និងអាមេរិកខាងជើង ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ខែមីនាឆ្នាំនេះក៏ដោយ ការធ្លាក់ចុះការលក់ក្នុងស្រុកបានធ្វើឱ្យក្រុមហ៊ុន Toyota កាត់បន្ថយបរិមាណលក់នៅឆ្នាំ ២០២៣-២០២៤ របស់ខ្លួន ពី៩.៦០លានគ្រឿង ទៅ ៩.៤៥លានគ្រឿង។
សូមរម្លឹកថា កាលពីឆ្នាំ ២០២៣ ចិនបានវ៉ាដាច់ជប៉ុនជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយសារសន្ទុះនៃការលក់រថយន្តអគ្គិសនី។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងប្រឹងប្រែងប្រជែងតំណែងរបស់ខ្លួនវិញ ដោយ Toyota បានដាក់គោលដៅលក់រថយន្តអគ្គិសនីរហូតដល់ ១.៥លានគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៦ និង ៣.៥លានគ្រឿងនៅឆ្នាំ ២០៣០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា