អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្វីជី ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ
អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្វីជី លោក Frank Bainimarama នៅថ្ងៃពុធនេះ ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារមួយយប់ ពីបទរំលោភអំណាច កាលពីជំនាន់លោកដឹកនាំរដ្ឋាភិបាល។
អតីតមេទ័ពជើងទឹក អាយុ ៦៩ឆ្នាំរូបនេះ បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារបង្ហូរឈាម ក្នុងឆ្នាំ២០០៦ ។ លោកបានដឹកនាំប្រទេសប្រជុំកោះ ស្ថិតក្នុងឆ្នេរសមុទ្រប៉ាស៊ីហ្វិកមួយនេះ រហូតដល់លោកត្រូវបានគេបោះឆ្នោត ទម្លាក់ចេញពីអំណាច នៅក្នុងខែធ្នូ ឆ្នាំ២០២២។
ប៉ូលីសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Bainimarama មានតាំងពីឆ្នាំ២០១១។ នៅពេលនោះ ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ផងដែរនោះ លោកត្រូវបានគេចោទប្រកាន់ថា បានបំពានតួនាទី ដោយបានធ្វេសប្រហែស បោះបង់ការដេញថ្លៃ ដោយគ្មានហេតុផលស្របច្បាប់ ។
ប៉ូលិសបាននិយាយថា លោក Bainimarama និងអតីតអគ្គមេធាវីរបស់ប្រទេសហ្វីជី គឺលោក Ayaz Sayed-Khaiyum ព្រមទាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Neil Sharma ត្រូវបានចាប់ខ្លួន ឃុំខ្លួន កាលពីថ្ងៃអង្គារ។
ក្នុងអំឡុងពេលសវនាការខ្លីមួយ អ្នកទាំងបី ត្រូវបានផ្តល់ឲ្យនៅក្រៅឃុំ ដោយម្នាក់ៗ ត្រូវបង់ប្រាក់ ប្រមាណ ៥០០០ដុល្លារអាមេរិក ឬ ១០០០០ ហ្វីជី។ ពួកលោកត្រូវបានតុលាការកំណត់ ឲ្យទៅបង្ហាញទខ្លួន ក្នុងសវនាការ ជាថ្មី នៅថ្ងៃទី១៩ ខែមីនា ខាងមុខ។
គួរបញ្ជាក់ដែរថា ការចោទប្រកាន់ចុងក្រោយ មកលើលោក Bainimarama បានកើតឡើង បន្ទាប់ពីលោកត្រូវបានគេរកឃើញថា មិនមានពិរុទ្ធពីបទបំផ្លាញប្រព័ន្ធយុត្តិធម៌ នៅក្នុងករណីដាច់ដោយឡែកមួយ កាលពីខែតុលា ឆ្នាំមុន។
លោកក៏ត្រូវបានគេចោទប្រកាន់ថា បានប្រើអំណាចនយោបាយ បិទការស៊ើបអង្កេតរបស់ប៉ូលីស រឿងដ៏រសើបផ្សេងទៀត ក្នុងខែកក្កដាឆ្នាំ ២០២០ នៅពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីទៀតផង។
គួរបញ្ជាក់ថា សាធារណរដ្ឋហ្វីជី ត្រូវបានគេស្គាល់ថា គឺជាប្រទេសកោះ ហើយប្រទេសមួយនេះ គឺជាផ្នែកនៃទ្វីបអូសេអានី នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត