អតីតបុគ្គលិកបានចោទប្រកាន់ក្រុមហ៊ុន SpaceX ពីការបៀតបៀនផ្លូវភេទ និងការរើសអើង
អតីតបុគ្គលិក នៅក្រុមហ៊ុន SpaceX របស់ លោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានចោទប្រកាន់ តាមផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតមួយនេះ ពីបទរើសអើង និងការបៀតបៀនផ្លូវភេទ។
យោងតាមការចោទប្រកាន់ដែលធ្វើឡើង នៅចំពោះអាជ្ញាធរសិទ្ធិស៊ីវិល នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្ហាញថា ក្រុមហ៊ុន SpaceX បានបង្កើតបរិយាកាសការងារប្រកបដោយអរិភាព ដែលការលេងសើចអំពីការបៀតបៀនផ្លូវភេទ ដែលចាត់ទុក ជារឿងធម្មតា។ រីឯ ស្ត្រីត្រូវបានផ្តល់ប្រាក់ខែ តិចជាងបុរស ហើយបុគ្គលិកមុនៗ បានត្អូញត្អែរ ពីការបណ្តេញចេញពីការងារ។
ព័ត៌មានដំបូងទាំងនេះត្រូវបានរាយការណ៍ដោយ ដំបូងដោយ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ហើយដែលទើបត្រូវបានបញ្ជាក់ ដោយមេធាវី របស់ដើមបណ្តឹង។
នៅក្នុងពាក្យបណ្តឹងទាំងនេះ មានការពិពណ៌នាយ៉ាងទូលំទូលាយ អំពីវប្បធម៌សាជីវកម្មផ្លូវភេទ ដែលការអត្ថាធិប្បាយផ្លូវភេទ និងទម្រង់នៃការយាយីផ្សេងទៀត ត្រូវបានគេមិនអើពើ ឬ គេមិនបកស្រាយបំភ្លឺនោះឡើយ។
ពាក្យបណ្តឹងក៏បានបង្ហាញដែរថា ការលេងសើចតាមអ៊ីនធឺណិត មិនសមរម្យ ជារឿយៗ របស់ លោក Musk ត្រូវបានគេធ្វើត្រាប់តាម នៅខាងក្នុងការិយាល័យធ្វើការ ទៀតផង។
អ្នកនាង Paige Holland-Thielen បានរៀបរាប់ ក្នុងពាក្យបណ្តឹងរបស់ខ្លួនថា «ការបៀតបៀនគឺអាចមើលឃើញ ក្នុងនោះ លោកនាយកប្រតិបត្តិ Elon Musk បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលមានលក្ខណៈអាក្រក់ និងបង្ខូចកេរ្តិ៍ឈ្មោះចំពោះស្ត្រី បុគ្គលកែភេទ និងមនុស្សស្រលាញ់ភេទដូចគ្នា នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់គាត់ ដែលឥឡូវនេះ គេប្តូរមក X ។
យ៉ាងណាមិញ មិនទាន់ការឆ្លើយតបពីតំណាងក្រុមហ៊ុន ទាក់ទងនឹងការចោទប្រកាន់នេះទេ៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត