អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនថ្លែងបារម្ភកំណើនគ្រឿងញៀន (Video Inside)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ, សមត្ថកិច្ចបង្រ្កាប និងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ បានចំនួនជិត ៦០០តោន។

អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទេសរដ្ឋមន្រ្តី ព្រំ សុខា នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ សមត្ថកិច្ចបង្រ្កាប និងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ជិត ៦០០តោន និងបានឃាត់ខ្លួនជនសង្ស័យបានជាង ៧ម៉ឺននាក់។

លោកបានប្រមើលឃើញថា ដោយសារកត្តាជម្លោះប្រដាប់អាវុធ ដែលបាននិងកំពុងកើតមានឡើងយ៉ាងក្តៅគគុកជាច្រើនកន្លែង ទាំងនៅលើពិភពលោក និងក្នុងតំបន់ បានធ្វើឲ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឆ្លៀតឱកាសបង្កើនសកម្មភាពផលិត និងដាំដុះ ទាំងគ្រឿងញៀន សំយោគ និងរុក្ខជាតិញៀន។

មន្ត្រីអាជ្ញាធរជាតិបានថ្លែងថា សភាពការណ៍គ្រឿងញៀន ទាំងក្របខ័ណ្ឌអន្តរជាតិ និងតំបន់ នៅតែជាកត្តាប្រឈម ទាំងក្នុងកាលៈទេសៈចំពោះមុខ និងសម្រាប់រយៈពេលយូរអង្វែង។

លោកបានបន្តថា កម្ពុជាក៏នៅតែបន្តរងការគំរាមកំហែង ជាពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស ជាពិសេសចរាចរគ្រឿងញៀនតាមផ្លូវគោក, តាមបញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ដូចជាការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ, ការរក្សាទុកគ្រឿងញៀនរាប់រយគីឡូក្រាម នៅតាមទីតាំងភូមិសាស្រ្តរាជធានី ខេត្តនៅតាមព្រំដែន និងជាប់ដែនសមុទ្រ ដើម្បីនាំចេញទៅក្រៅប្រទេសតាមច្រកផ្លូវគោក និងតាមច្រកសមុទ្រ។

អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការការត្រួតពិនិត្យ តាមច្រកព្រំដែន ដោយផ្ដោតសំខាន់លើការចរាចរដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ពិសេសទំនិញជាសារធាតុគីមី នៅមានចំណុចខ្វះខាត។

លោកបានស្នើឲ្យមានការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការចរាចរដឹកជញ្ជូនសារធាតុញៀន និងសារធាតុគីមីផ្សំ រវាងអង្គភាពនៅតំបន់ព្រំដែន និងអាជ្ញាធរដែនដីរាជធានីខេត្ត ដែលមានក្រុមហ៊ុនរោងចក្រ សហគ្រាសប្រើប្រាស់ នៅពុំទាន់បានគ្រប់ជ្រុងជ្រោយ និងជាប្រចាំ។

ads banner