ព្រឹទ្ធសភាអាមេរិកបដិសេធកញ្ចប់ថវិកា ១១៨ពាន់លានដុល្លារ ដែលប៉ុនប៉ងយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍, ជួយអ៊ុយក្រែន និងអ៊ីស្រាអែល
វ៉ាស៊ីងតោន ឌីស៊ី៖ គណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ បានទាត់ចោលកញ្ចប់ជំនួយដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងជំនួយបរទេសដែលមានទឹកប្រាក់សរុប ចំនួន១១៨ពាន់លានដុល្លារ ក្នុងនោះ បានភ្ជាប់មូលនិធិសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ជាមួយនឹងវិធានការសន្តិសុខព្រំដែនក្នុងស្រុកដ៏តឹងរ៉ឹង។
ការខកខានមិនអនុម័តនេះបានធ្វើឡើងចំពេលមានការរិះគន់ថា អាមេរិកមិនខ្វល់ខ្វាយលើការដោះស្រាយបញ្ហាលំហូរជនអន្តោប្រវេសន៍របស់ខ្លួន តែបែរជាប្រមែប្រមូលថវិកាបន្ថែមសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី ទៅវិញ។ គេបានដឹងថា ក្នុងចំណោម ១១៨ពាន់លាននេះ សម្រាប់ដំណោះស្រាយព្រំដែន មានត្រឹម២០ពាន់លាន ក្រៅពីនេះ គឺជាជំនួយដល់បរទេស។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កុំឲ្យអនុម័តច្បាប់នេះ។ ជាការដាក់សំពាធ ខណៈដែលលោក ត្រាំ កំពុងត្រៀមប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកម្តងទៀត ជាមួយលោកប្រធានាធិបតី ចូ បៃឌិន នាខែវិច្ឆិកា ខាងមុខនេះ។
រីឯ ការិយាល័យគ្រប់គ្រងថវិការបស់លោក Biden បាននិយាយថា គណបក្សសាធារណរដ្ឋនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពព្រំដែនសហរដ្ឋអាមេរិក និងគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយថែមទាំងបដិសេធជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលជាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ទៀតផង។
យ៉ាងណាមិញ មេដឹកនាំព្រឹទ្ធសភាដឹកនាំដោយប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា លោកនឹងជំរុញដោយទទូច ឱ្យមានការបោះឆ្នោតលើកទីពីរ ដើម្បីអនុម័តជំនួយបរទេស តែរឿងអន្តោប្រវេសន៍ អត់ជំរុញទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត