អឺរ៉ុបដាក់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៩០ភាគរយនៅឆ្នាំ ២០៤០
ព្រុចសែល៖ សហភាពអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៩០ភាគរយនៅឆ្នាំ ២០៤០ ទោះបីជាការផ្លាស់ប្តូររបស់ប្លុកនេះ ទៅកាន់អនាគតថាមពលបៃតង ត្រូវប្រឈមមុខនឹងពពកនៃការបះបោររបស់កសិករ ដែលកំពុងរីករាលដាលក៏ដោយ។
ការប្រកាសនាពេលនេះ កើតឡើងចំពេលដែលកសិកររាប់រយនាក់តវ៉ានៅខាងក្រៅអគារសភាអឺរ៉ុប ជាមួយភ្លើងកំហឹង ចំពោះការធ្លាក់ចុះប្រាក់ចំណូល, ការកើនឡើងថ្លៃដើម និងអ្វីដែលពួកគេនិយាយថា ជាបទប្បញ្ញត្តិការពារបរិស្ថានដ៏តឹងរ៉ឹង។
នៅក្នុងការបង្ហាញពីគោលដៅថ្មីនេះ ស្នងការអឺរ៉ុបទទួលបន្ទុកសកម្មភាពអាកាសធាតុ លោក Wopke Hoekstra និយាយថា ប្លុកនេះនឹងខិតខំសម្រាប់ការផ្លាស់ប្តូរដោយយុត្តិធម៌ ដែលអនុញ្ញាតឱ្យអាជីវកម្មមានការរីកចម្រើន និងធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោល” ដូចដែលខ្លួនចង់ក្លាយជាប្រទេសកាបូនអព្យាក្រឹតនៅឆ្នាំ ២០៥០។
សហភាពអឺរ៉ុបដែលមាន ២៧ប្រទេសកំពុងធ្វើការឆ្ពោះទៅរកគោលដៅបណ្តោះអាសន្ន នៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៥ភាគរយនៅឆ្នាំ ២០៣០។ ប៉ុន្តែការកើនឡើងការតវ៉ា អាចនឹងរារាំងដល់ការប៉ុនប៉ង ដើម្បីអនុម័តគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៩០ភាគរយនៅឆ្នាំ ២០៤០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
