ឆែកសម្លាប់សត្វស្លាបជាង ១៤ម៉ឺនក្បាល ទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សី
ប្រាក៖ រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) នៅថ្ងៃពុធសប្តាហ៍នេះនិយាយថា កសិករជនជាតិឆែកសម្លាប់សត្វស្លាបប្រហែល ១៤០,០០០ក្បាល ចាប់តាំងពីដើមឆ្នាំមក ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលជំងឺផ្តាសាយបក្សី។
សត្វស្លាបដែលឆ្លងជំងឺផ្តាសាយបក្សី H5N1 មានសក្តានុពលខ្ពស់ អាចចម្លងទៅកាន់មនុស្សបាន។
រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា គិតមកទល់ឆ្នាំនេះ យើងបានរកឃើញទីតាំងផ្ទុះជំងឺផ្តាសាយបក្សីខ្លាំងចំនួន ១៥ទីតាំង នៅក្នុងកសិដ្ឋានខ្នាតតូច និង ៣ទីតាំងទៀត នៅក្នុងកសិដ្ឋានពាណិជ្ជកម្មខ្នាតធំ។ SVS ក៏បានរកឃើញជំងឺផ្តាសាយបក្សីនៅក្នុងខ្លួនសត្វស្លាបងាប់ចំនួន ៤ក្បាល នៅខាងក្រៅកសិដ្ឋានផងដែរ។
ជាវិធានការទប់ស្កាត់ កសិដ្ឋានពាណិជ្ជកម្មខ្នាតធំទាំង៣ នៅភាគកណ្តាលសាធារណៈរដ្ឋឆែក បានសម្លាប់សត្វទាចំនួន ៥០.០០០ក្បាល និងមាន់ ៩០.០០០ក្បាល។ ដោយឡែកមនុស្ស ៣នាក់ ក្នុងនោះមានក្មេងស្រីអាយុពីរឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺផ្ដាសាយបក្សីនៅកម្ពុជាកាលពីឆ្នាំមុន។
ហើយការរកឃើញជំងឺផ្តាសាយបក្សីនាពេលថ្មីៗនេះ នៅក្នុងខ្លួនថនិកសត្វមួយចំនួន រួមទាំងសត្វកញ្ជ្រោង តោសមុទ្រ និងសូម្បីតែខ្លាឃ្មុំ បានបង្កការព្រួយបារម្ភថា មនុស្សកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងជាងមុន។
យោងតាមទិន្នន័យពីអង្គការឃ្លាំមើលសុខភាពសត្វបារាំង ESA បានឱ្យដឹងថា ជំងឺផ្តាសាយបក្សីបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអឺរ៉ុប គិតចាប់តាំងពីខែសីហាឆ្នាំមុន។ ទន្ទឹមគ្នា អាជ្ញាធរបារាំងបានបង្កើនកម្រិតហានិភ័យនៃជំងឺផ្តាសាយបក្សី ដល់កម្រិត “អតិបរមា” នៅក្នុងខែធ្នូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
