UN ត្រូវការថវិកាជាង ៤ពាន់លានដុល្លារ ជួយជនរងប៉ះពាល់ពីសង្គ្រាមស៊ូដង់

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធនេះ បានអំពាវនាវស្វែងរកថវិកា ៤.១ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ជួយដល់ជនស៊ីវិលនៅស៊ូដង់ ជាប្រទេសហែកហួរដោយសង្រ្គាម និងគាំទ្រដល់ជនដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ អង្គការសហប្រជាជាតិនិយាយថា ភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់បានយល់ព្រមជួបពិភាក្សាគ្នា ស្តីពីការផ្តល់ជំនួយចាំបាច់ជាបន្ទាន់ ដល់ប្រទេសដែលហែកហួរដោយជម្លោះរបស់ពួកគេ។

សង្គ្រាមរវាងមេទ័ពស៊ូដង់ លោក Abdel Fattah al-Burhan និង មេបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Daglo ក្នុងរយៈពេល ១០ខែមកនេះ បានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ក្នុងនោះមានមនុស្សចន្លោះពី ១០.០០០ ទៅ ១៥.០០០នាក់ គិតត្រឹមក្នុងតំបន់ Darfur តែមួយប៉ុណ្ណោះ នេះបើយោងតាមអ្នកជំនាញអង្គការសហប្រជាជាតិ។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ថ្មីៗនេះ លោកបានទាក់ទងជាមួយមេទ័ពទាំងពីរនាក់នៅស៊ូដង់ អំពីការកោះប្រជុំអ្នកតំណាងជាន់ខ្ពស់របស់ពួកគេ ដើម្បីពិភាក្សាអំពីលទ្ធភាពទទួលបានជំនួយ។

ប៉ុន្តែលោក Griffiths ឱ្យភាគីទាំងពីរគោរពតាមការប្តេជ្ញាចិត្តនៃសេចក្តីប្រកាស Jeddah ដែលពួកគេបានចុះហត្ថលេខាកាលពីខែឧសភាកន្លងទៅ ដោយយល់ព្រមការពារអាយុជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាអនុញ្ញាតឱ្យផ្តល់ជំនួយចាំបាច់ទៅដល់ជនរងគ្រោះ។

បច្ចុប្បន្ន ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ដែលមានប្រហែល ២៥លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ និងការការពារជាបន្ទាន់។ ហើយមនុស្សជាង ១.៥លាននាក់ទៀតបានភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង នេះបើយោងតាមអង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner