អ៊ុយក្រែនជំរុញឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ

ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញប្រទេសលោកខាងលិចឱ្យបង្កើនល្បឿនបញ្ជូនគ្រាប់កាំភ្លើងធំ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាថ្មីទៀតលើរដ្ឋធានីគៀវ និងតំបន់ផ្សេងទៀត ដែលបានសម្លាប់មនុស្ស ៤នាក់ និងជាង ៤០នាក់រងរបួស។

នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះថា យើងនឹងសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ភារកិច្ចរបស់យើងនៅឆ្នាំនេះ គឺមិនត្រឹមតែពង្រីកការការពារដែនអាកាស និងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការខាតបង់ដ៏ធំដល់រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់ពីឃ្លាំងស្តុកអាវុធរបស់ខ្លួន ខណៈដែលរុស្ស៊ីដាក់ពង្រាយកម្លាំង និងធនធានរបស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវទឹកដី។

កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែការគាំទ្ររបស់សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ចំពេលមានការជំទាស់ពីគណបក្សសាធារណរដ្ឋ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner