រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត របស់ ក្រសួងការងារ និងប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានដាក់ចេញយុទ្ធសាស្ត្រ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ។
ផែនការយុទ្ធសាស្ត្រនេះ បានធ្វើអាទិភាពកម្មយុទ្ធសាស្ត្របច្ចេកទេសចំនួន៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន១ ដែលអនុលោមតាមសូចនាករយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាពជាមួយស្តង់ដារអន្តរជាតិ, ព្រមទាំងធានា សង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។
យុទ្ធសាស្ត្របច្ចេកទេសទាំង ៥រួមមាន៖ ១. ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម, ២. ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង, ៣. ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំទងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ, ៤. ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព និង ៥. ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងយុទ្ធសាស្ត្រគាំទ្រចំនួន១ គឺការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល ។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដាក់បញ្ចូលបន្ថែមនូវសូចនាករថ្មីៗឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីធ្វើឲ្យផែនការយុទ្ធសាស្ត្រនេះ ក្លាយជាឯកសាររស់ មានភាពបត់បែន និងឆ្លើយតបបានគ្រប់ជ្រុង តាមគោលនយោបាយពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាលអាចនឹងដាក់ចេញជាបន្តបន្ទាប់នាពេលខាងមុខ ៕
ដោយ ៖ វណ្ណលុក


