កម្ពុជា-ថៃ ចុះហត្ថលេខាជំរុញពាណិជ្ជកម្ម ប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ
ភ្នំពេញ៖ ជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការទូតអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធទី៧ ខែកុម្ភៈ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងរបស់ប្រទេសទាំងពីរ ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម។
ការផ្លាស់ប្តូរនូវកម្រិតទំនាក់ទំនងនយោបាយ និងការទូត ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនៅប្រទេសថៃនេះ ត្រូវបានពង្រឹងបន្ថែមទៀតដោយការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនប្រាំ ដែលរួមមានការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូនទំនិញ និងការសម្របសម្រួលពាណិជ្ជកម្ម។
ក្នុងចំណោមកិច្ចព្រមព្រៀងនោះ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន មានគោលបំណងជំរុញកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា និងក្រសួងមហាផ្ទៃប្រទេសថៃ។ មានសារៈសំខាន់ដូចគ្នា អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងជំរុញការប្រកួតប្រជែង និងសមត្ថភាពច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។
ភាពជាដៃគូនេះក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងសេដ្ឋកិច្ចជាយុទ្ធសាស្ត្ររវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលរបស់ប្រទេសថៃ ក៏ដូចជាសភាពាណិជ្ជកម្មថៃ ដែលនឹងជួយប្រទេសទាំងពីរសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃ ៤,៦៧ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រថៃ គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ កម្ពុជា-ថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ប្រទេស ទាំងពីរបានផ្អាកទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦២ និងភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩១។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចក៏គ្រោងចូលជួបសម្តែងការគួរសមចំពោះព្រះមហាក្សត្រថៃ និងថ្នាក់ដឹកនាំនីតិប្បញ្ញត្តិនានា និងបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ៕
ដោយ៖ឡុង គីមម៉ារីតា
រូបថត៖ផេកសម្ដេចធិបតី ហ៊ុន ម៉ាណែត