ជំនាញកសិកម្មសំខាន់ៗចំនួនបី កំពុងមានតម្រូវការខ្ពស់នៅកម្ពុជា

ភ្នំពេញ៖ជាការវិវត្តដ៏សំខាន់មួយសម្រាប់វិស័យកសិកម្មរបស់កម្ពុជា តម្រូវការជំនាញកសិកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងស្ថាប័នរដ្ឋនិងឯកជន។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីមានគំនិតផ្តួចផ្តើមគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្នុងគោលបំណងពង្រីកវិសាលភាពពកសិកម្ម។

ជំនាញចំនួនបីដែលមានតម្រូវការខ្ពស់បំផុតគឺ ជំនាញជលផល និងការចិញ្ចឹមត្រី ជំនាញចិញ្ចឹមសត្វ ជំនាញក្សេត្រសាស្ត្រ ឬការដាំដុះ។ នេះបើយោងតាមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាល បានលើកឡើងនៅក្នុងសិក្ខាសាលាគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល កាលពីពេលថ្មីៗនេះ។

លើសពីនេះជំនាញពេទ្យសត្វ ព្រៃឈើ សេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍជនបទ រៀបចំដែនដី និងរដ្ឋបាលដីធ្លី​ កែច្នៃចំណីអាហារ វិស្វ័កម្មកសិកម្ម និជំនាញផ្សព្វផ្សាយ ក៏កំពុងមានតម្រូវការច្រើនគួរសមផងដែរ។

លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា រដ្ឋបាលជលផល កំពុងត្រូវការអ្នកជំនាញច្រើន ដើម្បីចូលរួមដោះស្រាយបញ្ហាអភិរក្សជលផល។

លោក ស្រ៊ុន លឹមសុង បានបញ្ជាក់ថា៖”គ្រប់វិស័យ សកលវិទ្យាល័យច្រើនណាស់ ដែលអ្នកខ្លះបញ្ចប់ការសិក្សាបានប៉ុន្មានឆ្នាំហើយ មិនទាន់រកការងារធ្វើបាន។ ចឹងនេះ គឺជាឱកាសរបស់គាត់ហើយ បូកបញ្ចូលគ្នាមកច្រើនណាស់”។

លោកសាស្ត្រាចារ្យរងបណ្ឌិត ហួត ថាវិរៈ សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុនជាច្រើនកំពុងស្វែងរកអ្នកមានជំនាញទាំងនេះផងដែរ។

សូមរំលឹកថា ការកើនឡើងនៃតម្រូវការទីផ្សារសម្រាប់ជំនាញទាំងនេះ ស្របពេលរដ្ឋាភិបាលអាណត្តិថ្មី កំពុងពង្រឹងវិស័យកសិកម្ម ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា។ វិស័យកសិកម្មរួមចំណែកជាង២០ % នៃផលិតផលក្នុងស្រុកសរុប និងស្រូបកម្លាំងពលកម្មប្រមាណជាង៣៥% នៃចំនួនប្រជាជនសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០២៣។

ក្រុមនិស្សិតដែលកំពុងរៀនជំនាញកសិកម្ម សប្បាយចិត្តពេលដឹងថា ជំនាញដែលពួកគេកំពុតរៀនចាប់ផ្តើមមានតម្រូវការខ្ពស់។

កញ្ញា ឈឿន សំអន និស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រជលផល នៅសាលាជាតិកសិកម្មព្រែកលៀប និយាយ៖«បន្ទាប់ពីបានព័ត៌មាននេះមក ខ្ញុំ មានអារម្មណ៍ថា សប្បាយចិត្តខ្លាំងមែនទែន។ តាមព័ត៌មានដែលខ្ញុំ ទទួលបានពីសិស្សច្បង គាត់បាននិយាយថា ទីផ្សារការងារ មានភាពចង្អៀត។ ពេលបានព័ត៌មាន​នេះ គឺគិតថា អាចនឹងមានភាពទូលំទូលាយសម្រាប់ពួកខ្ញុំ ដែលជានិស្សិតជំនាន់ក្រោយ និងមានភាពងាយស្រួល​ក្នុងការរកការងារធ្វើ ដើម្បីចូលរួមការងារអភិរក្សវិស័យជលផលហ្នឹងផងដែរ»។ (01,16-01,37)

បើទោះជាបែបនេះក្តី ការបន្តការសិក្សាលើជំនាញកសិកម្មនាពេលកន្លងនៅគ្រប់កម្រិតសិក្សា ជាពិសេសកម្រិតបរិញ្ញាប័ត្រ ឬអនុបណ្ឌិត មិនមានច្រើនទេ បើធៀបនឹងជំនាញផ្សេងទៀតដូចជា ជំនាញគ្រប់គ្រង គណនេយ្យ និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។ ជាក់ស្តែង សកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលត្រូវគេចាត់ទុកថាជាកន្លែងបណ្តុះជំនាញកសិកម្មធំជាងគេមួយនៅកម្ពុជា មានសិស្សបញ្ចប់ការសិក្សាចន្លោះពី ៦០០ ទៅ៨០០ នាក់ប៉ុណ្ណោះក្នុង១ឆ្នាំៗ​។ យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យរងបណ្ឌិត ហួត ថាវិរៈ រំពឹងថា ចំនួនសិស្សនឹងកើនឡើង បន្ទាប់ពីតម្រូវការទីផ្សារចាប់ផ្តើមស្ទុះឡើង៕

ដោយ៖ឡុង គីមម៉ារីតា រូបថតៈកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប  អធិការដ្ឋានរដ្ឋបាលជលផលចតុម្មុខ និងខណ្ឌរដ្ឋបាលជលផលរាជធានី នៃរដ្ឋបាលជលផល  សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាសម្គាល់ដើម្បីតាមការធ្វើចរាចរផ្លាស់ទី និងលែងត្រីរាជមួយក្បាល ត្រីរាជមួយក្បាលនេះ ត្រូវបានចាប់ និងប្រគល់ឱ្យដោយអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រីលេខ២» តាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(រូបថតផេករដ្ឋបាលជលផល)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner