ឯកឧត្តម ជាប សត្ថារតន៍ ៖ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហាញពីការ សងគុណ ដល់កិច្ចខិតប្រឹងប្រែងរបស់ អគ្គមគ្គុទេសន៍ យើង
(តាកែវ)៖ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីការតបស្នងសងគុណ ដល់កិច្ចខិតប្រឹងប្រែងរបស់ អគ្គមគ្គុទេសន៍របស់យើង ។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និង ប្រជាជន ដែលមានរយៈពេល ២៦ឆ្នាំកន្លងទៅនេះ ព្រមទាំងការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជា កាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនខ្លាំងក្លាថែមទៀត ។
ការលើកឡើងបែបនេះរបស់ ឯកឧត្ដម ជាប សត្ដារតន៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បា ខេត្តតាកែវ ធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិល័យគណបក្សស្រុកព្រៃកប្បាស ដើម្បីរៀបចំកិច្ចប្រជុំប្រកាសសមាសភាពប្រធាន អនុប្រធាននិងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង១៣ នៃស្រុកព្រៃកប្បាសខេត្តតាកែវ និងដោយមានអ្នកសរុបចំនួន ១១៥នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ជាប សត្ដារតន៍ បានជំរុញដល់ អង្គបោះឆ្នោតទាំងអស់ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ទាំងអស់គ្នា ស្របតាមគោលការណ៍ សមាជិក ឬសមាជិកា នៃអង្គបោះឆ្នោតមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ជាប សត្ថារតន៍ ក៏បានជំរុញដល់ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង ១៣ នៃស្រុកព្រៃកប្បាស ចុះជួបសមាជិក ជាប្រធាន អនុប្រធាន របស់គណកម្មាធិការបក្សភូមិ ណែនាំឱ្យស្គាល់គ្នា ស្វែងយល់ស្ថានភាពទូទៅ នៅក្នុងឃុំនីមួយៗ ស្វែងយល់អំពីសេចក្តីត្រូវការ ក៏ដូចជាបញ្ហាប្រឈម ដែលឃុំនីមួយៗ មាន ដើម្បីរួមគ្នារកដំណោះស្រាយ ជូនមូលដ្ឋានឱ្យបានទាន់ពេលវេលា ៕





អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា