មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តល់នូវសុខ សន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍គ្រប់វិស័យ
(កំពង់ធំ)៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ធានាបាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជា ធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ សន្តិភាព ដែល យើងទទួលបាននាពេលនេះ មានតម្លែធំធេងណាស់ដែលកើតឡើងដោយ ការប្រឹង ប្រែងតស៊ូ និងការសម្រេចចិត្តត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនកើតឡើងដោយឯកឯងនោះទេ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានគង់វង្សសម្រាប់មាតុភូមិ និងកូនចៅយើងជំនាន់ក្រោយៗរស់នៅ ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត ។

នេះជាការបញ្ជាក់របស់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុង ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មីមួយខ្នងនៅសាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាថ្ងៃទី៦ កុម្ភៈ ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។

លោកជំទាវ ជា សិរី បានរំលេចឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០-២០២១ ការធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៤ ។

ជាមួយនេះ លោកជំទាវ ជា សិរី និងឯកឧត្ដម ជា ចាន់តូ បាននាំយកអំណោយ រួមមាន ក្រណាត់ស សំលៀកបំពាក់សិស្ស សម្ភារៈសិក្សា សារុងនិងថវិកាចែកជូន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាជន ដែលបានចូល រួមផងដែរ ៕
ដោយ ៖ វ៉េង លីមហួត

