រដ្ឋមន្រ្តីក្រសួងអប់រំដាក់គោលការណ៍ ៥ចំណុច ដើម្បីជម្រុញការរៀន និងបង្រៀន ភាសាបារាំង ឱ្យកាន់តែប្រសើរនៅកម្ពុជា
(ភ្នំពេញ)៖ ដើម្បីជម្រុញដល់ការសិក្សា និងក៏ដូចជាការបង្រៀនភាសាបារាំងកាន់តែ ប្រសើរឡើងនៅកម្ពុជានោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់នូវអនុសាសន៍៥ចំណុច អំពីការពង្រឹងលើការសិក្សាភាសាបារាំងនៅកម្ពុជា។

ក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈនេះថាក្នុងកិច្ចប្រជុំកាលពីសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបើកិច្ចពិភាក្សាស្តីពី“ការបង្រៀន ភាសា បារាំង” ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះគេឃើញមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនឹង កិច្ច សហប្រតិបត្តិការភាសាបារាំងនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថាន សិក្សាប្រើប្រាស់ភាសាបារាំង តំណាងស្ថានទូតបារាំង និងតំណាងទីភ្នាក់ងារឧត្តម សិក្សា ប្រើប្រាស់ភាសាបារាំង (AUF)។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្នុងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការពិនិត្យតាមដាន និងរាយការណ៍ពីស្ថានភាពទូទៅនៃការរៀន និងបង្រៀនភាសាបារាំងនៅគ្រឹះស្ថានសិក្សាមធ្យមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង កិច្ចពិភាក្សាលើផែនការឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ ២០២៦ និងការត្រៀមរៀបចំ និងចូលរួមពីគ្រឹះស្ថានពាក់ព័ន្ធសម្រាប់ទិវាហ្វ្រង់កូហ្វូនីឆ្នាំ ២០២៤។

ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តសកម្មភាពខាងលើ និងជម្រុញការរៀន និងបង្រៀនភាសាបារាំងឱ្យកាន់តែប្រសើរឡើង ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ និងភាគីពាក់ព័ន្ធ ដូចខាងក្រោម៖
១) រៀបចំយន្តការផ្សព្វផ្សាយពីការរៀន និងបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានមធ្យមសិក្សានៅទូទាំងប្រទេស តាមរយៈការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចូលរួមក្នុងព្រឹត្តិកាណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ ២០២៦
២) រៀបចំយន្តការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំលើការរៀន បង្រៀនភាសាបារាំងនៅគ្រប់កម្រិតសិក្សា
២) ពង្រឹងគុណភាពនៃការរៀន និងបង្រៀនភាសាបារាំងនៅក្នុងកម្រិតមធ្យមសិក្សាចំណះទូទៅ តាមរយៈការបន្តបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនភាសាបារាំង និងការរៀបចំសៀវភៅសិក្សាគោលសម្រាប់កម្មវិធីថ្នាក់ពីរភាសា (មុខវិជ្ជាគណិត-បារាំង រូប-បារាំង និងជីវ-បារាំង) ឱ្យកាន់តែល្អប្រសើរ
៣) ពង្រីកវិសាលភាពក្នុងការរៀន និងបង្រៀនភាសាបារាំងទៅសាលាជំនាន់ថ្មី និងសាលាគម្រូជាបន្តបន្ទាប់
៤) ពង្រឹង និងពង្រីកការបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ដោយមានយន្តការពិនិត្យតាមដាន និងវាយតម្លៃច្បាស់លាស់
៥) ណែនាំឱ្យក្រុមការងារ និងគ្រឹះស្ថានពាក់ព័ន្ធរៀបចំកិច្ចប្រជុំបច្ចេកទេសសម្រាប់ត្រៀមរៀបចំទិវាហ្វ្រង់កូហ្វូនីឆ្នាំ ២០២៤ នាពេលខាងមុខ៕
ដោយ៖ម៉ាដេប៉ូ
