គណបក្សប្រជាជនកម្ពុជារៀបចំក្បួនដង្ហែធំនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពត

(កំពត)៖ នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងឯកឧត្តមជាបេក្ខជនព្រឹទ្ធសភា បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានធ្វើឡើងនៅរង្វង់មូលទុរេន ខេត្តកំពត ។

ទិដ្ឋភាពទូទៅនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដំបូង មានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដោយមានករចូលរួមការពារសន្តិសុខសណ្ឋាប់ ពីកងកម្លាំង ការជួយសម្រួលចរាចរតាមផ្លូវសម្រាប់ក្បួនដង្ហែបក្ស រថយន្តពេទ្យសម្រាប់សង្គ្រោះបឋម ពិសេសមានការចូលរួមពីប្រជាពលរដ្ឋ និងមហាជនទូទៅដែលញ៉ាំងឲ្យកម្មវិធីក្បួនដង្ហែកាន់តែអធឹកអធម ។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានប្រាប់ឲ្យដឹងថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តកំពត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់សំណើរមកគណកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីសុំបើកយុទ្ធនាការឃោសនាបោះឆ្នោត ។

នៅក្នុងសំណើរបស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើទីតាំងរៀបចំនៅបរិវេណរង្វង់មូលទុរេន ដែលមានអ្នកចូលរួម ដង្ហែក្បួនព្យុហយាត្រាពីសមាជិកបក្សនៅក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ សរុប ចំនួន ៤៥០០នាក់ ដែលមានរថយន្តធំ ១០០គ្រឿង និងម៉ូតូ ២០០០គ្រឿង ហើយការដង្ហែធ្វើឡើងនៅជុំវិញក្រុងកំពត និងត្រឡប់ទៅមូលដ្ឋានវិញ ដោយឡែកនៅតាមបណ្តាលស្រុកផ្សេងទៀត គណបក្សស្រុកក៏ធ្វើយុទ្ធនាការរៀងខ្លួនផងដែរ។

លោកបានបញ្ជាក់ថា ខេត្តកំពតមានបីគណបក្សផ្សេងទៀតដែលធ្វើសកម្មភាពឃោសនាបក្សរបស់ខ្លួនដែរ មានគណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ ។

យ៉ាងណាក៏ដោយបើតាមការបញ្ជាក់ពីមន្ត្រីមន្ទីរបក្សខេត្ត បានឲ្យដឹងថា អ្នកចូលរួមក្នុងក្បូនដង្ហែព្យុហយាត្រាជាក់ស្តែងមានការកើនឡើងលើសពីការគ្រោងទុក ដោយសារ ប្រជាពលរដ្ឋ និងសាធារណៈជនបានស្ម័គ្រចិត្តក្នុងចូលរួមច្រើនដែរ ប៉ុន្តែរបាយការណ៍ជាក់លាក់ មន្ទីរបក្សមិនទាន់បូកសរុបរួចនៅឡើយ ៕

ដោយ ៖ សិលា សារិន

ads banner