ក្រសួងអធិការកិច្ចប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្រសួងអធិការកិច្ច បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃចន្ទទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សន្និបាតនៅថ្ងៃនេះ ក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

ឯកឧត្តមបន្ថែមថា ការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅ ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួចបេសកកម្មផ្តោតលើការងារអធិការកិច្ចនៅលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអធិការកិច្ច ក៏បានកំណត់យកទស្សនៈវិស័យជាក់លាក់របស់ក្រសួង «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ដែលជាពាក្យស្លោកកេរតំណែលរបស់ សម្តេចតេជោ ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឆ្នាំ២០០៦ និងទស្សនៈ «អធិការកិច្ច ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។

ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំងមន្ទីររាជធានី ខេត្ត ទាំង២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានសារៈសំខាន់ជាអាទិ៍ ការងារអធិការកិច្ច, ការងារតាមដានការអនុវត្តច្បាប់ ទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ, ការងារផ្សព្វផ្សាយអប់រំច្បាប់, ការងារនីតិកម្ម, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមជូនអង្គសន្និបាតថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបនូវចក្ខុវិស័យខាងលើ ក្នុងគោលបំណងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ដែលមន្ត្រីរាជការទាំងអស់ត្រូវប្រកៀកស្មា សាមគ្គីរួមគ្នាជាធ្លុងមួយសម្រេចឱ្យទាល់តែបាន គឺទី១.ការពង្រឹងសមត្ថភាពស្ថាប័ន, ទី២.ការសាង និងអភិវឌ្ឍមូលធនមនុស្ស, ទី៣.ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង និងទី៤.ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕ ដោយ ៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner