កម្ពុជា ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី ។

ឯកឧត្តម សាយ សំអាល់ ថ្លែងថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

ចំពោះវិស័យសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គោលដៅសំខាន់នៃការរៀបចំស្តង់ដារសំណង់នៅកម្ពុជា គឺដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។ ដូចនេះ ក្រសួងបាននិងកំពុងសិក្សាធាតុចូលពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បីបង្កើតស្តង់ដារសំណង់មួយដែលឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា ។

ជាមួយគ្នានេះ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣ គឺ៖ ច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម និងកំពុងស្នើសុំជំនួយប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ៍ JAXA នៃរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំដែនដីស្របតាមទិសនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព រៀបចំអភិវឌ្ឍទីក្រុង និងរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត កោតសរសើរដល់ក្រសួងដែលសម្រេចបានជោគជ័យលើការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ។

ឯកឧត្តមបង្ហាញពីការគាំទ្រលើការសិក្សារៀបចំស្តង់ដារសំណង់នៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្តល់ជំនួយបច្ចេកទេស និងជំនួយផ្សេងៗឱ្យសមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា ពិសេសពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) ដែលមានប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner