មន្ត្រីកសិកម្មឃុំ ២៥០នាក់រៀនវគ្គបណ្តុះបណ្តាលតម្រង់ទិស ដើម្បីផ្តល់សេវាគាំទ្រ កសិកម្ម ដល់កសិករឱ្យបានល្អ និង មានប្រសិទ្ធភាព

(ភ្នំពេញ)៖ក្នុងការបណ្តុះបណ្តាលទម្រង់ទិសដល់មន្រ្តីកសិកម្មឃុំក្របខណ្ឌឆ្នាំ២០២៣ ចំនួន២៥០នាក់មាន៣ប្រភេទគឺ ទី១ ការបណ្តុះបណ្តាលតម្រង់ទិស ទី២ ការបណ្តុះបណ្តាលស៊ីជម្រៅលើប្រធានបទសំខាន់ៗផ្អែកតាមតម្រូវការឃុំនីមួយៗ និងទី៣ គឺរៀនពីការអនុវត្តជាក់ស្តែងដែលនឹងធ្វើឡើងរៀងរាល់ ២-៣ខែម្តង។នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ។

គួរបញ្ជាក់ថាក្នុងពិធី បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំក្របខ័ណ្ឌឆ្នាំ២០២៣ ចំនួន ២៥០នាក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានការចូលរួមពីសំណាក់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី។

ទាក់ទិនក្នុងរឿងនេះឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកកម្មវិធីថ្ងៃនេះ ជាការស្វាគមន៍ជាផ្លូវការចំពោះមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ និងការចាប់ផ្តើមនូវវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ដែលមានរយៈពេល ៤ថ្ងៃ ដើម្បីឱ្យមន្ត្រីថ្មីត្រៀមខ្លួនបំពេញតួនាទី និងផ្តល់សេវាគាំទ្រកសិកម្មដល់កសិករឱ្យបានល្អ និងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាល ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះប្អូនៗមន្ត្រីកសិកម្មឃុំ ដែលបានប្រឡងជាប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១.ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២.ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវាឱ្យកាន់តែជិតកសិករ និង ៣.ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

លើសពីនេះទៀត ឯកឧត្តម បានមានមតិផ្តាំផ្ញើ និងអនុសាសន៍សម្រាប់ក្មួយៗជាមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពពេលវេលា យកចំណេះជំនាញទៅបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ត្រូវរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងត្រូវមានការសហការល្អ ក្នុងការអនុវត្តការងារ។ ចំពោះគ្រូឧទ្ទេស ត្រូវយកចិត្តទុកដាក់ផ្តល់ចំណេះដឹង បទពិសោធន៍ ដល់មន្ត្រីថ្មីទាំង ២៥០នាក់ និងបើកឱកាសក្នុងការចូលរួមមតិយោបល់ ទស្សនៈ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

គួរបញ្ជាក់ថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដែល ចែក ចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលបានជ្រើសរើស និង កំពុង ទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner