រដ្ឋបាលខេត្ដព្រះសីហនុប្ដេជ្ញាធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យ អស់ នៅ ពាក់កណ្ដាលឆ្នាំនេះ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) សរុប ៨.៦៧២ក្បាលដី ជូន ពលរដ្ឋភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុមានប្រសាសន៍ថា ការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវ គោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់ កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែង ចែកដីធ្លីប្រកបដោយសមធម៌។ រដ្ឋបាលខេត្ដ និងជំនាញ ប្ដេជ្ញា ខិត ខំផលិតនិងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុនៅពាក់កណ្ដាលឆ្នាំ២០២៤ ។
ឯកឧត្តមបន្តថា ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បី ធានា បាននូវភាពកក់ក្ដៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញ លេញ តាមរយៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាភស្តុតាងនូវ ការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាង នូវការរំលោភបំពានលើដីធ្លី ។
លោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុឱ្យដឹងថា ក្បាលដី ដែល ត្រូវ ស្នើសុំផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៨.៦៧២ ក្បាលដី៕
ដោយ៖ខៀវ សាវុន