ស៊ង ឬ បែ ចិញ្ចឹមត្រីក្នុងស្ទឹងសង្កែត្រូវបានតម្រូវឱ្យរុះរើដើម្បីរក្សា អនាម័យទឹក

បាត់ដំបង៖អាជ្ញាធរស្រុកសង្កែបានចុះធ្វើការត្រួតពិនិត្យ និងរុះរើ ស៊ង ឬបែចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សម្អាតប្រភពទឹកនៅផ្នែកខាងលើនៃស្ថានីយបូមទឹកនិងផលិតទឹកស្អាតខេត្តបាត់ដំបង។

នៅក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈលោក នាង ចន្ទថារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សង្កែសហការជាមួយ មន្រ្តីជំនាញជលផល បានចុះរុះរើស៊ងចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ
ស្ថិ ក្នុងភូមិសាស្រ្តឃុំវត្តតាមិម បានថ្លែងឱ្យដឹងថា ដោយ ពិនិត្យ ឃើញ ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែកន្លងមកនេះ បានបង្កភាពកខ្វក់ ប៉ះពាល់ ក្នុងការផលិតទឹកស្អាតផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែល ប្រើប្រាស់ ជាប្រចាំថ្ងៃ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់នូវបទបញ្ជា ដល់ អាជ្ញាធរ ក្រុងបាត់ដំបងនិងស្រុកសង្កែ ឱ្យចុះធ្វើការផ្សព្វផ្សាយ និងបញ្ឈប់ ប្រជាពលរដ្ឋចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែបន្តទៀត។

លោក នាង ចន្ទថារ៉ា បានបញ្ជាក់បន្ថែមថាស៊ងចិញ្ចឹមត្រី ក្នុង ភូមិ សាស្រ្តស្រុកមានចំនួនសរុប៤៤ស៊ង ។ម្ចាស់ស៊ងឬបែ ចិញ្ចឹម ត្រី ទាំងនោះបានយល់ព្រមបញ្ឈប់ការចិញ្ចឹមនិងរុះរើស៊ង របស់ខ្លួនចេញ ជាបន្តបន្ទាប់។នៅសល់តែត្រីប្រោះក្នុងស៊ង ប្រមាណជាង៤តោន
តែប៉ុណ្ណោះ ដែលម្ចាស់រង់ចាំម៉ូយដែលទិញមកចាប់យក ទៅ លក់។

ចំណែកប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រី ក៏បាន បង្ហាញ ពីការចូលរួមអនុវត្តតាមការណែនាំ របស់ អាជ្ញាធរ ដោយ ពួកគាត់ បានសន្យានឹងរុះរើស៊ងចិញ្ចឹមត្រីទាំងអស់នោះឱ្យអស់ ចេញ ពីស្ទឹងសង្កែ។

តាមការបញ្ជាក់ពី លោកអភិបាល ស្រុកសង្កែបានឱ្យដឹងថា បន្ទាប់ ពីប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងយល់ព្រមរុះរើ និង បញ្ឈប់ ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ អាជ្ញាធរស្រុក កំពុងតែខិតខំ ជួយរកទីតាំងចិញ្ចឹមត្រីនៅលើគោក ព្រមទាំងសន្យាផ្ដល់ ជំនួយ បច្ចេកទេសក្នុងការចិញ្ចឹមត្រីដល់ពួកគាត់ទៀតផង៕/
អត្ថបទនិងរូបភាព៖អ៊ុកសំអាន

ads banner