ក្រសួងព័ត៌មានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)
ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងបានធ្វើកិច្ចប្រជុំគណៈកម្មការបង្កើតជាលើកដំបូងនេះ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។
កិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនារសៀលថ្ងៃទី១២កុម្ភៈ បានទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញអំពីក្តីព្រួយបារម្ភ ជុំវិញសកម្មភាពរបស់ក្រុមទុច្ចរឹត ដែលព្យាយាមបង្កើតនូវព័ត៌មានក្លែងក្លាយជាច្រើន ក្នុងបំណងបោកប្រាស់សាធារណជន ដើម្បីស្វែងរកប្រយោជន៍ និងព័ត៌មានក្លែងក្លាយខ្លះទៀត គឺដើម្បីបំរើមហិច្ឆិតានយោបាយ របស់ក្រុមធ្វើនយោបាយប្រឆាំង នឹងរាជរដ្ឋាភិបាល។ កិច្ចប្រជុំគណៈកម្មការបង្កើតជាលើកដំបូងនេះ បានប្រព្រឹត្តទៅក្រោមវត្ត មានចូលរួមរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ មានភារកិច្ចត្រួតពិនិត្យការផ្សាយ និងតម្រង់ទិស ជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មការនេះមានភារកិច្ចដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចបង្កមហន្តរាយដល់សន្តិសុខជាតិ ស្ថិរភាព នយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពកម្ពុជា។