ចាប់ជនសង្ស័យជាតិចិនបើកបុកមនុស្សស្លាប់ហើយរត់ (Video Inside)
ជនសង្ស័យជាតិចិនម្នាក់ ដែលបើករថយន្តបុកមនុស្ស បង្កឱ្យស្លាប់ និងរបួស ហើយបានរត់គេចនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។
ហេតុការណ៍បានកើតឡើងតាំងពីម៉ោង៩កន្លះយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រាដែលរថយន្តម៉ាក HILUX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 1520 បានបើកបុកមនុស្ស ៣នាក់ មួយគ្រួសារជិះម៉ូតូជាមួយគ្នានៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ ក្មេងស្រីដែលត្រូវជាកូនបានបាត់បង់ជីវិត ខណៈបុរសជាឱពុក និងម្នាក់ទៀតជាកូនប្រុស បានរងរបួស។
អ្នកបើកបររថយន្តនោះបានរត់គេចខ្លួន ប៉ុន្តែត្រូវបានចាប់ខ្លួនបានវិញនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានរៀបរាប់នូវហេតុការណ៍ដែលកើតឡើង។
អំពើបើកបុកហើយរត់ គឺជាទង្វើខុសច្បាប់។ បុរសជាតិចិនឈ្មោះ ហួង ផេង អាយុ ៣៧ឆ្នាំ ដែលអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យា ក្នុងខណ្ឌ៧មករា កំពុងស្ថិតក្នុងការសាកសួរនៅមុនការបញ្ជូនទៅតុលាការ។