ក្រសួងកិច្ចការនារីអំពាវនាវយុវជនមិនត្រូវយល់ខុសថ្ងៃ Valentine’s Day (Video Inside)
ក្រសួងកិច្ចការនារី បានអំពាវនាវពលរដ្ឋខ្មែរ កុំយកថ្ងៃទី១៤កុម្ភៈ ជាថ្ងៃប្រព្រឹត្តអំពើខុសឆ្គងនឹងសីលធម៌ និងវប្បធម៌នៃប្រពៃណីខ្មែរ។
ថ្ងៃទី១៤កុម្ភៈ ដែលគេស្គាល់ថាទិវានៃក្តីស្រឡាញ់ Valentine’s Day គឺជាទិវាដែលប្រទេសមួយចំនួន បានប្រើប្រាស់ក្នុងការរំលឹកក្តីស្រឡាញ់រាប់អានគ្នា ក្នុងក្តីកោតគោរព ប៉ុន្តែយុវវ័យមួយចំនួន បែរជាយល់ច្រឡំ និងប្រើប្រាស់ទិវា Valentine’s Day ក្នុងរបៀបអាវ៉ាសែនៃក្តីប្រគល់ស្នេហារវាងបុរស និងស្ត្រីនោះទៅវិញ។
ក្រសួងកិច្ចការនារី នៅថ្ងៃទី១៣កុម្ភៈ បានចេញលិខិតមួយអំពាវនាវ «ប្រជាពលរដ្ឋជាពិសេស យុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លា បន្សល់ទុកតាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវស្វែងយល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារ នៃទិវានៃក្តីស្រឡាញ់នេះ»។