រកឃើញមនុស្សទី១០ និងទី១១ ឆ្លងអុតស្វា (Video Inside)
ក្រសួងសុខាភិបាល បានរកឃើញមនុស្ស២នាក់ផ្សេងទៀត ដែលឆ្លងជំងឺអុតស្វា នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសជាបន្តបន្ទាប់នេះ កើនឡើងចំនួន ១១ករណីហើយ។ បុរសទាំង២នាក់ដែលរកឃើញឆ្លងថ្មីចុងក្រោយនេះ ម្នាក់ជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ និងម្នាក់ទៀតជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន និងត្រូវបានដាក់ព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យ។
ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។
ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។
ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។