ក្រសួងអប់រំចេញសេចក្តីណែនាំ ពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ភ្នំពេញ៖ សំដៅទប់ស្កាត់ ចំពោះសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ: ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍និងទប់ស្កាត់នូវរាល់ការភ្លើត ភ្លើនណាមួយនោះក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១៣ ខែកុម្ភនេះបានចេញសេចក្តីណែនាំមួយស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានបញ្ជាក់ថា “ទិវាមួយនេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ”។

ជាមួយគ្នាក្រសួងបានបញ្ជាក់ឱ្យដឹងដែរថាដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដូចតទៅ៖

១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ
២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ
៣- ត្រូវបញ្ញាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ
៤- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្ត អប់រំមិត្ត
៥- ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាន នានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី
៦- ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។
៧- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទ បញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner