ក្រសួងបរិស្ថានឆ្ពោះទៅមុខជាមួយភាពស្អាតលើដី ក្នុងទឹក និងខ្យល់ ដើម្បីសុខភាព ពលរដ្ឋ កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ នៅចំពោះមុខ ក្រសួងបរិស្ថានបាន និងកំពុងប្រយុទ្ធយ៉ាងសកម្មជាមួយសំណល់ប្លាស្ទិក ហើយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការងារនេះនឹងអាចសម្រេចបាន ដោយយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះកំពុងមានសន្ទុះតួលេខកើនឡើងឥតដាច់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានមានខ្នងបង្អែកធំ នោះគឺប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានចំនួនច្រើនជាង ៤លាននាក់បានចូលរួមចំណែក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ភាពស្អាតដែលកើតចេញពីសណ្តានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៤លាននាក់ បានជំរុញឲ្យជំហានទី២លេចជារូបរាង គឺការរៀបចំបែងចែកសំរាម និងទុកដាក់សំរាមទៅតាមប្រភេទសំរាមសើម ស្ងួតដែលអាចកែច្នៃបាន និងសំរាមគ្រោះថ្នាក់ជាដើម ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានត្រៀមចែកជូនធុងសំរាមបន្ទាប់ពីការបែងចែក ដើម្បីទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ កាត់បន្ថយការបំពុលចំពោះសុខភាពប្រជាពលរដ្ឋ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្រួមចំនួនសំណល់នៅតាមទីលានចាក់សំរាមឱ្យតិចជាងមុន។
នេះបើយោងតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការសង្គ្រោះកុមារកម្ពុជា Save the Children Cambodia នៅទីស្តីការក្រសួងបរិស្ថាន ៕
ដោយ / គ្រី សម្បត្តិ



