រដ្ឋមន្ត្រីការបរទេសកម្ពុជា អរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសំដែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner