ប្រមុខការពារជាតិអាមេរិក នឹងចេញពីមន្ទីរពេទ្យ ឆាប់ៗនេះ
អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin អាចនឹងត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។
លោករដ្ឋមន្ត្រីត្រូវបានព្យាបាល បញ្ហាប្លោកនោម ខណៈដែលលោកប្រយុទ្ធនឹងជំងឺមហារីកក្រពេញប្រូស្តាត។ លោក អស់ស្ទីន (Austin) ត្រូវបានគេសង្គ្រោះបន្ទាន់ កាលពីថ្ងៃអាទិត្យ ហើយបានផ្ទេរភារកិច្ច ទៅឲ្យអនុរដ្ឋមន្ត្រី ទទួលបន្ទុកជំនួស។
លេខាធិការរង ទទួលបន្ទុកសារព័ត៌មាន របស់មន្ទីរបញ្ចកោណ អ្នកស្រី សាប្រ៊ីណា ស៊ីង (Sabrina Singh) និយាយថា លោក អស់ស្ទីន (Austin) គឺស្ថិតនៅក្នុង «ស្ថានភាពល្អ» ហើយត្រូវបានគេរំពឹងថា នឹងត្រូវឲ្យចាកចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។
អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងផ្តល់ព័ត៌មានថ្មីៗ អំពីការបន្តភារកិច្ច និងមុខងារពេញលេញរបស់លោករដ្ឋមន្ត្រី ឡើងវិញ។
ការភ័យខ្លាច ចំពោះសុខភាពចុងក្រោយបង្អស់ របស់ អស់ស្ទីន (Austin) បានកើតឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានព័ត៌មានលេចចេញថា បុរសវ័យ ៧០ ឆ្នាំរូបនេះបានស្នាក់នៅមន្ទីរពេទ្យ ជាសម្ងាត់ ហើយមិនបានជូនដំណឹងដល់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅកំលុងពេលភ្លាមៗ ក្រោយការធ្វើរោគវិនិច្ឆ័យជំងឺមហារីក ដែលការណ៍នេះបានបង្កឱ្យមានការរិះគន់ យ៉ាងទូលំទូលាយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត