OPEC មើលឃើញកំណើនតម្រូវការប្រេងរឹងមាំក្នុងឆ្នាំ ២០២៤
វីយែន៖ ក្រុមប្រទេសជួញដូរប្រេងនៃអង្គការ OPEC ក្នុងថ្ងៃអង្គារនេះ និយាយថា ខ្លួនរំពឹងថា ក្នុងឆ្នាំ២០២៤នេះ សេដ្ឋកិច្ចប្រទេសចិននឹងមានភាពរឹងមាំ រួមទាំងសន្ទុះធ្វើដំណើរតាមផ្លូវអាកាស ដែលនឹងជួយជំរុញកំណើនតម្រូវការប្រេងពិភពលោកដ៏រឹងមាំ។
អង្គការ OPEC បានប៉ាន់ប្រមាណថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២.២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៤នេះ ផ្ទុយពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ថា កំណើនតម្រូវការប្រេងនឹងថយចុះមកត្រឹម ១.២លានបារ៉ែលក្នុងមួយថ្ងៃ។ អង្គការ OPEC បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការព្យាករណ៍នេះ កំពុងឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤។
បើតាមអង្គការ OPEC សកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសចិន, ការស្ទុះងើបឡើងវិញ ការធ្វើដំណើរតាមផ្លូវអាកាសសកល និងតម្រូវការគីមីឥន្ធនៈ នឹងក្លាយជាគន្លឹះសម្រាប់កំណើនតម្រូវការប្រេងនៅឆ្នាំ ២០២៤។
យោងតាមអង្គការ OPEC បានឱ្យដឹងថា ការប្រើប្រាស់ប្រេងសាំងត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពីកម្រិតមុនផ្ទុះជំងឺរាតត្បាត ខណៈដែលប្រេងឥន្ធនៈយន្តហោះក៏ត្រូវបានព្យាករណ៍ដែរថា ជាមធ្យម ទាបជាងកម្រិតកាលពីឆ្នាំ ២០១៩។
ទោះបីជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកទន់ខ្សោយ បូករួមស្តង់ដារប្រសិទ្ធភាពប្រេងកាន់តែតឹងរ៉ឹង និងកំណើនរថយន្តអគ្គិសនី នឹងប៉ះពាល់ដល់កំណើនតម្រូវការប្រេង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា