អត្រាគ្មានការងារធ្វើនៅអង់គ្លេសធ្លាក់ចុះ
ឡុងដ៍៖ ទិន្នន័យផ្លូវការ ក្នុងថ្ងៃអង្គារនេះ បង្ហាញថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះនៅត្រីមាសចុងក្រោយនៃឆ្នាំមុន ប៉ុន្តែកំណើនប្រាក់ឈ្នួលថមថយ ខណៈដែលអតិផរណារបស់ប្រទេសនេះនៅតែបន្តកើនឡើង។
ការិយាល័យស្ថិតិជាតិ (ONS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះពី ៣.៩ភាគរយ មកត្រឹម ៣.៨ភាគរយក្នុងរយៈពេល ៣ខែ គិតមកទល់ចុងខែវិច្ឆិកាឆ្នាំមុន។ អត្រាគ្មានការងារធ្វើចំនួន ៣.៩ភាគរយ ត្រូវបានកែសម្រួលពីតួលេខធ្លាក់ចុះដំបូង ៤.២ភាគរយ នៅក្នុងទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (ONS) ដែលចេញផ្សាយកាលពីសប្តាហ៍មុន។
ការិយាល័យនេះ នៅថ្ងៃអង្គារម្សិលមិញ ក៏បានព្រមានដែរថា ទិន្នន័យនេះនៅតែប្រែប្រួលទៀត។ ទន្ទឹមគ្នា កំណើនប្រាក់ចំណូលជាមធ្យមរបស់អង់គ្លេសបានថយចុះមកត្រឹម ៦.២ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Jeremy Hunt ថ្លែងថា ទិន្នន័យខាងលើនេះ ជាដំណឹងល្អ… ប្រាក់ឈ្នួលពិតប្រាកដកំពុងកើនឡើងនៅក្នុងខែទី៦ជាប់ៗគ្នា ហើយអត្រាគ្មានការងារធ្វើនៅតែមានកម្រិតទាប។
លោករដ្ឋមន្រ្តីបន្ថែមថា ការកាត់បន្ថយពន្ធរបស់យើង គឺជាផ្នែកមួយនៃផែនការ ធ្វើឱ្យមនុស្សវិលត្រឡប់ទៅធ្វើការវិញ ដូច្នេះយើងអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។
ចំណែកអ្នកវិភាគកំពុងព្យាករថា រដ្ឋាភិបាលអាចនឹងកាត់បន្ថយពន្ធបន្ថែមទៀត នៅមុនការបោះឆ្នោតសកលមកដល់នៅឆ្នាំនេះ។
គណបក្សអភិរក្សដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ ត្រូវបានគេមើលឃើញថា កំពុងតាមពីក្រោយបក្សប្រឆាំងដ៏ធំជាងគេ ក្នុងការបោះឆ្នោតសកលខាងមុខ ដូច្នេះការកាត់បន្ថយពន្ធ ត្រូវបានគេមើលឃើញថា ជាឱកាសដើម្បីបិទគម្លាតនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា