មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំលឹកដល់មន្រ្តីខេត្តសៀមរាបអំពីសារៈសំខាន់ នៃសន្តិភាព
សៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានរំលឹកដល់មន្រ្តីគ្រប់ជាន់ ថ្នាក់នៃខេត្តសៀមរាបអំពីសារៈសំខាន់នៃសន្តិភាពដែលនាំមកនូវ ការអភិវឌ្ឍ។ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បងដែលត្រូវយក ចិត្ត ទុក ដាក់ ព្រោះបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍហើយ ការរស់នៅ ប្រចាំថ្ងៃ ក៏គ្មានសេចក្តីសុខដែរ។
មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចអភិបាលរងខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន បញ្ជាក់ ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់យកកិច្ចការថែរក្សាសន្តិភាព ស្ថិរភាព បូរណភាពទឹកដី ការការពាររបបរាជានិយម ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាកិច្ចការអាទិភាពដដែល។ដូច នេះត្រូវបន្តខិតខំថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
សូមជម្រាបថា ខេត្តសៀមរាបបានប្រកាសអភិបាលរងថ្មីចំនួនបីរូប ។ក្នុងនេះ លោក លី សារី អតីតអភិបាលរងខេត្តបន្ទាយមានជ័យ ។ចំណែក លោក ង៉ូវ សេងកាក់ មន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ និង លោក សំកុល សុចិត្រា ក៏ត្រូវបានតែងតាំង ជំនួសលោកស្រី យូ សុភា និង លោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួង មហាផ្ទៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕
ដោយ៖ ស៊ាន សុផាត