ក្របីព្រៃ ពេជ្រ សម្បត្តិ អះអាងថា ជំនួបនៅថ្ងៃសៅរិ៍ បើកីឡាករថៃ កាំ ឡៃយុគ វាយបុកដូចគ្នានឹងល្អមើល
(ភ្នំពេញ)៖ ជំនួបជួបគ្នាលើកទី២ កីឡាករថៃ កាំ ឡៃយុគ សងសឹកកីឡាករ គុនខ្មែរ ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងធ្វើឡើង នៅថ្ងៃសៅរិ៍ ទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។
ថ្លែងប្រាប់អ្នកព័ត៌មាន នាកន្លែងហ្វឹកហាត់ ក្របីព្រៃ ពេជ្រ សម្បត្តិ បានអះអាងថា ក្នុងជំនួបប៉ះខ្លាចាស់ថៃ កាំ ឡៃយុគ្គ ដែលជាជំនួបលើកទី២នៃការប៉ះគ្នានេះ រូបគេបានត្រៀមខ្លួនបានយ៉ាងល្អ។

ពេជ្រ សម្បត្តិ បានអះអាងថា ក្នុងជំនួបនេះ ក្តីសង្ឈឹមថា ឈ្នះកីឡាករថៃ កាំ ឡៃយុគ គឺមានច្រើន រហូតដល់ទៅ៧០% ដ្បិតជំនួបទី១ ការប្រកួតវាយអំបោះឆៅរូបគេបានយកឈ្នះដោយពិន្ទុ។ ទោះជាធ្លាប់ទទួលបានជ័យជំនះបែបនេះក្តី សម្រាប់ជំនួបលើកទី២នេះ ពេជ្រ សម្បត្តិ បានអះអាងថា នៅតែបង្កើនការហ្វឹកហាត់ខ្លាំងក្លាជានិច្ច ដ្បិតកីឡាករខ្លាចាស់ថៃ កាំ ឡៃយុគ វាយចេញលឿន និងវាយឆ្លាត អាចធ្វើឲ្យខ្លួនចាញ់ល្បឿន ព្រោះប្រកួតលើកទី២នេះ គឺប្រកួតក្នុងលក្ខណ្ឌប្រហ្កង់ធម្មតាវាយចំនួន៥ទឹក។
ពេជ្រ សម្បិត្តិ លើកឡើងទៀតថា ជំនួប សឹងសឹក កាំ ឡៃយុគ្គ មកលើរូបខ្លួននៅថ្ងៃ សៅរិ៍នេះ ប្រសិនបើ កីឡាករ ថៃ កាំ ឡៃយុគ្គ វាយបុកដូចគ្នានឹងរូបគេដែរនោះ ជំនួបនោះ នឹងធ្វើឲ្យទស្សនិកជនដែលជាអ្នកគាំទ្រជក់ចិត្ត។

គួរបញ្ជាក់ថា ខ្លាចាស់ថៃ កីឡាករ កាំ ឡៃ យុគ ក្នុងជំនួបប៉ះគ្នាលើកទី១ ប្រកួតក្នុងលក្ខណ្ឌវាយអំបៅឆៅ កាលពីកន្លងទៅ បានចាញ់ពិន្ទុ កីឡាករ ក្របីព្រៃ ពេជ្រ សម្បត្តិ ដោយ ត្រូវ ពេជ្រ វាយរាប់ចំនួន២ដង ។ដោយឡែក ជំនួប សងសឹកលើកទី២នេះ គឺប្រកួតក្នុងលក្ខណប្រើហ្កង់ធម្មតាវិញម្តង ដោយការប្រកួតមានចំនួន៥ទឹក៕


រូបភាព ជីម ភារ៉ា និង អត្ថបទ៖ ជាវ ចន្ធូ