កីឡាករកីឡាការនីសរុប ៣៦០នាក់នៅខេត្ត កំពត ចូលរួមការប្រកួតបាល់ទាត់ វិលជុំកុមារនិងយុវជន AIA – ISF Youth League
(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា ក្រោមកិច្ចសហការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤ នៅក្នុងក្រុង កំពត ខេត្ត កំពត ដែលមានកីឡាករកីឡាការិនីចូលរួមសរុប៣៦០នាក់។
ការប្រកួតបាល់ទាត់វិលជុំនេះបង្កើតឡើងក្នុងគោលបំជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។

ថ្លែងក្នុងឱកាសបើកកម្មវិធីប្រកួតបាល់ទាត់វិលជុំនេះផងដែរ គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានសំដែងចំណាប់អារម្មណ៍ ផ្ទាល់ខ្លួនថា “ តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករពីក្រុមកីឡាការនី ដែលបានចូល រួមប្រកួតក្នុងឆ្នាំ ២០២៤នេះ ” ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនប្រចាំក្រុង កំពតបង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលផ្តុំកុមារ និងយុវជនទូទាំងខេត្ត ដើម្បី លើកកម្ពស់វិស័យកីឡាបាល់ទាត់នៅថ្នាក់ខេត្ត ។ មួយវិញទៀត ការប្រកួតវិលជុំនេះក៏បានជួយផ្លាស់ប្រែ ជីវិតកុមារ និងយុវជន និងពង្រីកសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍន៍សង្គម និងជំនាញទន់ និងពង្រឹង សមត្ថភាពដើម្បីក្លាយជាកីឡាករអាជីព ។
គួរបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែល ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ត្រូវបានរៀបចំការប្រកួតក្នុងក្រុងកំពត ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ទីរអប់រំ យុវជន និងកីឡាប្រចាំក្រុងកំពត ។
ក្រុមបាល់ទាត់ចូលរួមប្រកួតវគ្គ ជម្រុះប្រចាំក្រុងកំពត ក្រុមដែលឈ្នះប្រចាំក្រុងកំពត នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕




ដោយ ជាវ ចន្ធូ