បារាំងនឹងធ្វើម្ចាស់ផ្ទះសន្និសីទមនុស្សធម៌ជួយដល់ស៊ូដង់

ប៉ារីស៖ ប្រមុខការទូតបារាំង ក្នុងថ្ងៃពុធនេះ ថ្លែងថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទមនុស្សធម៌មួយ ដើម្បីស្វែងរកថវិកាជំនួយដល់ស៊ូដង់ ដែលជាប្រទេសហែកហួរដោយសារសង្រ្គាម។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne បានប្រាប់សភាជាន់ទាបយ៉ាងដូច្នេះថា យើងនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទមនុស្សធម៌នៅទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែមេសាខាងមុខ ដើម្បីស្វែងរកថវិកាជួយដល់ស៊ូដង់ និងប្រទេសជិតខាង ដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។

លោក Sejourne បានសង្កត់ធ្ងន់ថា បញ្ហានេះមិនគួរក្លាយជាវិបត្តិ ដែលគេបំភ្លេចចោលឡើយ។ ភ្លើងសង្គ្រាមដែលបានឆាបឆេះឡើងកាលពីខែមេសាឆ្នាំមុន រវាងមេទ័ពស៊ូដង់ Abdel Fattah al-Burhan និង មេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា Mohamed Hamdan Daglo បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

តួលេខរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្នុងចំណោមប្រជាជនស៊ូដងប្រហែល ២៥លាននាក់ ក្នុងនោះច្រើនជាងពាក់កណ្តាលកំពុងត្រូវការជំនួយ រួមទាំងមនុស្សជិត ១៨លាននាក់ទៀត ដែលប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ។

បើតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ បានបណ្តាលឱ្យមនុស្ស ១.៦លាននាក់ភៀសខ្លួនទៅក្រៅប្រទេស ភាគច្រើនទៅកាន់ប្រទេសជិតខាង មានដូចជាប្រទេសឆាដ និងអេហ្ស៊ីប ហើយមនុស្សចំនួន ៦.១លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅទូទាំងប្រទេស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner