អាជ្ញាធរថៃប្រាប់ឲ្យអ្នកនៅបាងកក ធ្វើការពីផ្ទះ ព្រោះការបំពុលបរិយាកាសខ្លាំង
នៅថ្ងៃព្រហស្បតិ៍នេះ ស្រទាប់អ័ព្ទដ៏អាក្រក់បានគ្របដណ្តប់រាជធានីបាងកក របស់ប្រទេសថៃ ខណៈអ្នកបម្រើការងារ នៅក្រុងមួយនេះ ត្រូវបានគេប្រាប់ឱ្យធ្វើការពីផ្ទះដើម្បីជៀសវាងការបំពុលបរិយាកាស ដែលបង្កគ្រោះថ្នាក់។
អាជ្ញាធរក្រុងបានស្នើសុំកិច្ចសហប្រតិបត្តិការពីនិយោជក ដើម្បីជួយសម្រួលដល់ បុគ្គលិក កម្មករ នៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ១១ លាននាក់មួយនេះ ជៀសវាងការបំពុល ដែលត្រូវបានគេបារម្ភថា អាចនឹងអូសបន្លាយ រហូតដល់ថ្ងៃសុក្រ។
គេហទំព័រត្រួតពិនិត្យខ្យល់ ហៅកាត់ IQAir បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកក ក្នុងចំណោមទីក្រុងទាំង ១០ ដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាម IQAir បានឱ្យដឹងថា កម្រិតនៃភាគល្អិតនៃខ្យល់ពុល ហៅកាត់ PM2.5 ដ៏គ្រោះថ្នាក់បំផុត ដែលពួកវាអាចចូលទៅក្នុងចរន្តឈាម គឺមានច្រើនជាង ១៥ដង នៃការណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយ កាលពីល្ងាចថ្ងៃពុធថា អ្នកធ្វើការនៅក្រុងបាងកកទាំងអស់ នឹងត្រូវធ្វើការពីផ្ទះ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។
គុណភាពខ្យល់នៅក្នុងប្រទេសថៃធ្លាក់ចុះជាប្រចាំ នៅដើមឆ្នាំនេះ ដោយសារផ្សែងចេញពីសំណល់កសិកម្ម និងការបំភាយឧស្ម័នឧស្សាហកម្ម និងផ្សែងចេញពីរថយន្ត។ គួររម្លឹកដែរថា បាងកក និងទីក្រុងឈៀងម៉ៃ ធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលបំពុលខ្លាំងបំផុត ក្នុងពិភពលោក កាលពីឆ្នាំមុន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត