សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាង និងបំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិនោះទេ
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាង ៥ពាន់នាក់នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានចំណេះដឹងខ្ពស់ គឺជាភាពចាំបាច់មិនអាចខ្វះបាន។ ការកសាង និង បំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្សសម្រាប់ប្រទេសនោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សញ្ញបត្រមួយសន្លឹក ដែលកើតចេញពីញើសឈាម និងការខិតខំប្រឹងប្រែងស្រូបយកនូវចំណេះដឹង នឹងធ្វើអោយយើងអាច៖ ទី១-លើកកម្ពស់កម្រិតប្រកួតប្រជែងរបស់និស្សិតម្នាក់ៗ, ទី២-បង្កើនភាពម្ចាស់ការខ្លួនឯង ពោលគឺយើងអាចគិត យើងអាចប្រែក្លាយគំនិតរបស់យើងទៅជាអ្វីដែលយើងធ្វើបាន និង ទី៣-មានសញ្ញាបត្រមានចំណេះដឹង មានគុណវឌ្ឍិកាន់តែខ្ពស់ ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍ និងការបង្កើនសមត្ថភាពឱ្យកាន់តែខ្ពស់។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងដែរថា ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃនេះ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋ និងសម្រាប់ជាតិយើងជាពិសេស ដែលមានធនធានមនុស្សជាង ៥០០០ នាក់បានបញ្ចប់ការសិក្សា និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា មោទកភាពរបស់ប្រទេសជាតិនីមួយៗ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ ដែលមានភាពរឹងមាំ ខណៈការអប់រំ គឺដើម្បីបច្ចុប្បន្ន និងទៅអនាគត ពោល គឺការកសាងសមត្ថភាពបច្ចុប្បន្ន ដើម្បីកសាងសមិទ្ធិផលថែមសម្រាប់អនាគត ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ