សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់និស្សិតទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព ជាប់ ជា ប្រចាំ ពិសេសផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជ ន៍ ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥.២៣២ អង្គ/នាក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យជាតិគ្រប់គ្រង-សាខាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

សម្តេចធិបតី បានអបអរសាទរដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានជោគជ័យ ជាមួយការចូលរួមគាំទ្រយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, ជាពិសេស កិច្ចគាំទ្រពី មាតាបិតា-អាណាព្យាបាល, និងក្រុមគ្រួសារ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការ, គោលនយោបាយ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរៀន, ការលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត, ជាពិសេស ការកែទម្រង់ឧត្តមសិក្សា ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្រ្តាចារ្យ, បុគ្គលិកសិក្សា និងដៃគូសហប្រតិបត្តិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់, មនសិការវិជ្ជាជីវៈ, សេចក្តីថ្លៃថ្នូរ និងការចេះរួមរស់ និងធ្វើការជាមួយគ្នា ដោយសុខដុមរមនា ដែលជាមូលធនមនុស្សរបស់ប្រទេសជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម, ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សា ក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍទេពកោសល្យ, ការច្នៃប្រតិដ្ឋ និង ប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញកំណើន និងនិរន្តរភាពនៃសេដ្ឋកិច្ចឌីជីថល ព្រោះថា ការកសាងធនធានមនុស្ស នឹងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកល, ជួយបង្កើននូវភាពម្ចាស់ការតាមរយៈការប្រើប្រាស់ចំណេះដឹងជាអំណាចលើជោគវាសនាខ្លួន ដែលជាមូលដ្ឋានឈានទៅបង្កើនសមត្ថភាពចំណេះដឹងបន្ថែមទៀត និងមានភាពបត់បែន ព្រមទាំងជាមូលដ្ឋានសម្រាប់ជួយប្រទេសឱ្យកាន់តែវិវត្តបន្ថែមទៀត ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាតួអង្គពាក់ព័ន្ធ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ