នៅថ្ងៃទី២១ ខែកុម្ភៈ៖ រដ្ឋសភានឹងប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា រដ្ឋសភាបានទទួលលិខិតស្នើសុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យកោះប្រជុំជាវិសាមញ្ញ រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល គឺ៖
ទី១.ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ទី២.ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
ទី៣.ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចកោះប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសនាសភាពរាជរដ្ឋាភិបាលទាំង៣រូបនេះ។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា រដ្ឋសភាក៏នឹងប្រជុំវិសាមញ្ញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាជិកព្រឹទ្ធសភាចំនួន ២រូប និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។
របៀបវារៈសំខាន់ៗដែលលើកយកមកពិភាកក្សានៅក្នុងប្រជុំកិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភារួមមាន៖
១-ការពិនិត្យសេចក្តីស្នើសុំកោះប្រជុំរដ្ឋ សភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ចំនួន២រូប ដោយរដ្ឋសភា នីតិកាលទី៧។
២-ការពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខ ជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
៣-ការពិនិត្យសេចក្តីស្នើសុំកោះប្រជុំរដ្ឋ សភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាង ច្បាប់ស្តីពីការបអនុម័តយល់ព្រមលើពិធី សារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជ កម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
៤-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។
៥-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕
ដោយ៖ពលជ័យ


