ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពរបស់គណបក្សនយោបាយខ្លះបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាមរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន ។នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សេចក្តីប្រកាសបានរៀបរាប់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើ​សកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសមាជិក, គណបក្សនឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់..។។ល។

ប្រភពដដែលបន្តថា យោងតាម មាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានកំណត់ឱ្យការបោះឆ្នោត​ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយ​អសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់​អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃ​រដ្ឋបាល ឃុំ សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយ​ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការគំរាមកំហែងដល់ អ្នកបោះឆ្នោត ជាអំពើដែលត្រូវផ្តន្ទាទោសតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្រសួងមហាផ្ទៃបានបន្តថា ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងធានាបាននូវនិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានានូវដំណើរការរដ្ឋបាល នៃរដ្ឋបាល​ឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រសួងមហាផ្ទៃសូមបញ្ជាក់​ជូនសាធារណជនជ្រាបថា ក្រសួងសូមប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹក ចិត្តដល់អ្នកបោះឆ្នោត​ទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការ​អនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ សូមអំពាវដល់គ្រប់​គណបក្ស​នយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្ស​នយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ ជៀសវាងនូវការធ្វើសកម្មភាព​គំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម​គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner