បុរសបង្ហោះផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងបាក់ឌុប លើទំព័រហ្វេសប៊ុកថាជាព័ត៌មានគ្មានប្រភពច្បាស់ និងបានទទួលកំហុសពីទង្វើរបស់ខ្លួន

(ភ្នំពេញ)៖ទីបំផុតបុរសដែលបានបង្ហោះសារបង្កើតព័ត៌មានក្លែងក្លាយដែលត្រូវ បាន ក្រសួងអប់រំចាត់ទុកថានាំឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបសម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកបាន ចូល ខ្លួនមកសារភាពពីកំហុសរបស់ខ្លួនដោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះថា ក្នុងសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពី ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និង ផ្សព្វផ្សាយ អប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់ គណនី ហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះ ហៅ បុគ្គល ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយ ភូមិ” ឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាលទ្ធផល បុគ្គលនេះបានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រ ហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន ទទួលបានពីប្រភពមិន ច្បាស់ ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។

បុគ្គលរូបនេះបានសារភាពបន្ថែមថា រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ។

ក្រោយពីបានសាកសួរបំភ្លឺ បុគ្គលរូបនេះ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ទាក់ទិនក្នុងរឿងនេះដែរ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការក្រើនរំលឹក ដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់អង្គភាពរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner