លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក អោយដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្របែលហ្សិក បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឡាំ និង ឯកឧត្តម ឯកអគ្គរាជទូត ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ចែម វីឡាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជា ណាចក្របែលហ្ស៊ិក ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសជំនួយលើវិស័យ កសិកម្ម សុខាភិបាល ការអប់រំ ការការពារបរិស្ថាននិងការការពារសង្គម អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) និងសកម្មភាពដោះមីន។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងពី សារៈសំខាន់នៃទំនាក់ទំនងនយោបាយទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅប្រទេសបែលហ្ស៊ិក ក៏ដូចជាទំនាក់ទំនងរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរ នៅក្នុងឱកាសនៃការចូលរួមវេទិកាអន្តរជាតិផ្សេងៗ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជម្រាបជូន អំពីស្ថានភាពនយោបាយថ្មីៗ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាកម្មវិធីគោលនយោបាយ អាទិភាពទាំងប្រាំមួយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត ហ្វ្រង់ស័រ ដឺឡាយ៉េ បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់បែលហ្ស៊ិកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ជាមួយកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយរបស់បែលហ្ស៊ិក នៅ ពេលដែលបែលហ្ស៊ិកកំពុងរៀបចំការបោះឆ្នោតសហព័ន្ធនៅក្នុងខែមិថុនាខាងមុខនេះ និងអំពីចំណុចអាទិភាព ទាំងប្រាំមួយរបស់បែលហ្ស៊ិក ក្នុងអាណត្តិដែលប្រទេសបែលហ្ស៊ិកជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាព អឺរ៉ុបសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ នេះផងដែរ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្តានុពល សម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការបង្កើតមូលដ្ឋាន ច្បាប់។ សហប្រធានទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធាន មនុស្សផងដែរ។ ភាគីទាំងពីរ បានចែករំលែកទស្សនៈស្តីពីសារៈសំខាន់នៃការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរជាតិ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួនដែលជាកង្វល់រួម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ចែម វីឡាំ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំចំពោះភាគីបែលហ្សិក ក្នុងការចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីនក្រោមអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបខាងមុខនេះ និងស្វែងរកការគាំទ្រពីភាគីបែលហ្ស៊ិក សម្រាប់ បេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅឆ្នាំ ២០២៦។ ឥស្សរជនជាន់ខ្ពស់ទាំងពីររូប បានឯកភាពថាយន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថែមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner