កម្មវិធី Verify.gov.kh បង្កើតដោយកម្ពុជាទទួលបានជោគជ័យលេខ១ ក្នុងតំបន់ (Video Inside)
ភាពប្រកួតប្រជែងក្នុងបរិវត្តកម្មឌីជីថលក្នុងតំបន់ បានធ្វើឱ្យកម្ពុជាបានទទួលពានរង្វាន់ នៃកម្មវិធី Verify.gov.kh។
ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលបំរើការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីជោគជ័យមួយ នៃស្នាដៃបង្កើតរបស់កម្ពុជា ដែលបានជោគជ័យ និងទទួលពានរង្វាន់ក្នុងតំបន់អាស៊ានថែមទៀត។
សង្គ្រាមជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេស នៃបាតតារាងរបស់សកលលោក។ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដ នាចុងឆ្នាំ១៩៩៨ និងកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯងបន្តិចម្តងៗ ក្នុងការនាំប្រទេសចេញពីអនក្ខរភាព នៃបច្ចេកវិទ្យា និងបោះជំហានបន្តិចម្តងៗរហូតបានដូចសព្វថ្ងៃ។
កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលកំពុងក្រេបជញ្ជក់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ចំណេះដឹងបច្ចេកវិទ្យា គឺជាចំណេះដឹងមួយដ៏មានសារៈសំខាន់ ពីព្រោះពិភពលោកកំពុងតែធ្វើដំណើរក្នុងរបត់បច្ចេកវិទ្យា ដែលមនុស្សម្នាក់ៗត្រូវតែរៀននូវបច្ចេកវិទ្យានេះ មិនអាចមើលរំលងចោលបានឡើយ។
សម្តេចធិបតីបានលើកទឹកចិត្តការសិក្សារៀនសូត្រ ដើម្បីបង្កើនធនធានមនុស្ស ក្នុងការជួយនាំប្រទេសជាតិ ដើម្បីសម្រេចបាននូវមហិច្ឆិតាឆ្នាំ២០៥០ នៃប្រទេសដែលមានចំណូលខ្ពស់។
សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គមដោយបានដាក់ចេញនូវក្របខណ្ឌនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២១-២០៣៥ ដែលមានចក្ខុវិស័យកសាងសង្គមសេដ្ឋកិច្ចឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជម្រុញការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និងធុរជន ដើម្បីជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម។ សម្តេចធិបតីបានបញ្ជាក់នូវអ្វីដែលគេតែងនិយាយថា «ចំណេះដឹងជាអំណាច»។