ក្រសួងបរិស្ថានបង្ហាញគម្រោងអភិវឌ្ឍសត្វខ្លាធំ នៅក្នុងព្រៃកម្ពុជា (Video Inside)

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ ដូចជាសត្វប្រើស, ខ្ទីង និងជ្រូកព្រៃជាដើម។

គួរបញ្ជាក់ថាក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក, ទ្រុងដែក, អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី និងការបន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនការលែងចូលតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ។

យោងតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានបណ្ឌិត អ៊ាង សុផល្លែត, គេគ្រោងដាក់ម៉ាស៊ីនថត ស្ថិតក្នុងចន្លោះប្រមាណមួយគីឡូម៉ែត្រពីគ្នា ដើម្បីប្រព័ន្ធកាមេរ៉ាអាចចាប់រូបភាព ដើម្បីឱ្យអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់សត្វខ្លាធំ។

គួរបញ្ជាក់ថារវាងពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៣, កាមេរ៉ាដែលបានបំពាក់មាន ចំនួន ៣៨២ទីតាំង នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាវត្តមានសត្វព្រៃ ក៏ដូចជាក្នុងគោលបំណង រៀបចំកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។

ការបំពាក់កាមេរ៉ានេះនឹងជួយផ្តល់នូវទិន្នន័យជាក់លាក់ នៃធនធានសត្វព្រៃ តើអាចមានចំនួនគ្រប់គ្រាន់សម្រាប់សត្វខ្លាធំដែរឬទេ? ឬបើក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់, តើគេត្រូវបង្កាត់ពូជសត្វព្រៃជាបន្ថែម ឬត្រូវផ្តល់សត្វគោ ឬក្របីស្រុកជំនួសជាអាហារ ក្នុងការរៀបចំផែនការអភិរក្សសត្វខ្លាធំ ក្នុងព្រៃនៃប្រទេសកម្ពុជានេះដែរឬយ៉ាងណា។

គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះ ចេញពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់នៅមានប្រមាណ ៣,២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះមានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោកនោះ៕

ads banner