ស្នងការដ្ឋាននគរបាលរាជធានីចាត់វិធានការប្រឆាំងល្បែងផ្សងសំណាងអនឡាញខុសច្បាប់ (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រញាប់ចាត់វិធានការភ្លាមៗ ប្រឆាំងភាពផុសផុល នៃការរីកសាយល្បែងផ្សងសំណាងអនឡាញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤កុម្ភៈ បានដាក់ចេញនូវបទបញ្ជាឱ្យរាជធានី និងខេត្តទូទាំងទាំងប្រទេស ធ្វើការទប់ស្កាត់ជាបន្ទាន់នូវល្បែងផ្សងសំណាងអនឡាញនោះ។

នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥កុម្ភៈនេះ, អធិការដ្ឋាននគរបាលទាំង ១៤ខណ្ឌ ត្រូវបានកោះហៅប្រជុំជាមួយនឹងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានី លោកឧត្តមសេនីយឯក ជួន ណារិន្ទ។

មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ជាង ៤០០ករណី និងមនុស្សជាង ៩០០នាក់ ត្រូវបានបង្ក្រាបក្នុងរយៈពេល៥ខែចុងក្រោយនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងថា គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤, សមត្ថកិច្ចនគរបាល បានបង្ក្រាបល្បែងស៊ីសងសរុបចំនួន ៤២៧ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២នាក់ ក្នុងនោះរួមមាន ស្រី ៤០៤នាក់។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលត្រូវបង្ក្រាប រួមមានបញ្ហាគ្រឿងញៀន, ចរាចរណ៍, បទល្មើសព្រហ្មទណ្ឌ, ក្មេងទំនើង, ការជួញដូរមនុស្ស និងបញ្ហានានា តាមបន្ទាត់ព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក។

ads banner