សម្តេចធិបតីថ្លែងថាកម្ពុជាមានស្ពានចំនួនជាង២០ហើយឆ្លងកាត់ទន្លេ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតស្ពានឆ្លងកាត់ទន្លេ បន្ទាប់ពីប្រទេសជាតិ បានទទួលនូវសុខសន្តិភាពពេញលេញ។

កម្ពុជាក្នុងរយៈពេលឆ្លងកាត់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ មិនដែលបានកសាងសមិទ្ធផលស្ពានណាមួយឡើយ ប៉ុន្តែមានតែសមិទ្ធផលចាស់របស់ខ្លួន ដែលបានរងបែកបាក់ និងត្រូវបានបំផ្លាញដោយសារសង្គ្រាម។

អតីតស្ពានជ្រោយចង្វារដែលជាស្ពានតែមួយគត់ដែលបន្តភ្ជាប់ ក្រុងភ្នំពេញនាសម័យអតីតកាលទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ត្រូវបានគេដាក់មីនបំផ្ទុះនៅក្នុងដើមទសវត្ស១៩៧០។ ក្រោយកម្ពុជាមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោសែន, កម្ពុជាបានកសាងស្ពានជាច្រើនឆ្លងកាត់ទន្លេ និងដៃទន្លេជាច្រើន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់នាតំបន់ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃទី១៩កុម្ភៈ, សម្តេចធិបតីបានថ្លែងរៀបរាប់ជុំវិញសមិទ្ធផលស្ពាន ដែលត្រូវបានកសាងឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សំណង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា គឺជាប្រភេទស្ពានបេតុងភ្លោះ ដែលនឹងមានប្រវែង ៨៤៥,៧ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រាជធានីភ្នំពេញដែលមានទំហំ ៦៧៩គីឡូម៉ែត្រក្នុងសម័យដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានពលរដ្ឋរស់នៅប្រមាណ ៣លាននាក់។

បច្ចុប្បន្នក្រៅពីសំណង់ស្ពានឆ្លងកាត់ទន្លេ និងដៃទន្លេក្នុងរាជធានី, ក្រុងភ្នំពេញក៏មានស្ពានអាកាស ដែលកំពុងប្រើប្រាស់ចំនួន៧រួចមកហើយ គឺស្ពានអាកាស៧មករា , ស្ពានអាកាស ស្ទឹងមានជ័យ , ស្ពានអាកាស៥ មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ និងស្ពានអាកាសឫស្សីកែវលើកំណាត់ផ្លូវជាតិលេខ៥។

ស្ពានអាកាសទី៨មួយទៀត ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ខាងមុខនេះក្នុងរាជធានីភ្នំពេញ គឺស្ពានអាកាសក្បាលថ្នល់ដែលនឹងមានឈ្មោះថា «ស្ពានអាកាសមរតកតេជោ»។

ads banner