១៥ថ្ងៃ អនុម័តគំរោងបណ្តាក់ទុនបានចំនួន ៤៤៤លានដុល្លារ (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថាគេបានអនុម័តការបណ្តាក់ទុនចំនួន ៤៤៤លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃនៃខែកុម្ភៈ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងសេចក្តីប្រកាសផ្សាយនាថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ថា ការបណ្តាក់ទុន ៤៤៤លានដុល្លារនោះ គឺពាក់ព័ន្ធនឹងគំរោងវិនិយោគចំនួន ២២កន្លែង ដែលស្ថិតនៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តក្រចេះ, ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

គម្រោងវិនិយោគទាំង២២នោះ រួមមាន ការបង្កើតរោងចក្រចំនួន១៧, ការបង្កើតកសិដ្ឋាន ចំនួន២, ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ និងគម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណងមានចំនួន១។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងរយៈពេលប្រមាណ៦ខែមកនេះ បានអនុម័តការបណ្តាក់ទុនចំនួន ៦៥៥គម្រោង ដែលផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ បញ្ជាក់ជុំវិញភាពប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដើរអូសទាញរកការបណ្តាក់ទុន ពីក្រុមហ៊ុនបរទេសនានា។

ads banner